រយៈពេល២៨ថ្ងៃ កម្ពុជាអនុម័តគម្រោងវិនិយោគជាង៤០ មានតម្លៃជាង១៦០លានដុល្លារ
S
Soriya Sou
12 មីនា 2026 02:20 AM

រាជធានីភ្នំពេញ៖ រយៈពេល២៨ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤២ មានទំហំទុនសរុបប្រមាណ១៦៦លានដុល្លារអាម៉េរិក…។

របាយការណ៍ការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីយប់ថ្ងៃទី១១មីនា បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មាន១៨គម្រោង ត្រូវបានចុះបញ្ជីដោយ CDC ក្នុងនោះ៩គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង៩គម្រោងទៀតស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ដោយឡែក គម្រោងចំនួន២៤ទៀត ត្រូវបានចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ត្រូវបានរំពឹងថា អាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ២៤ពាន់កន្លែង។

គម្រោងវិនិយោគដែលបានចុះបញ្ជីខាងលើ មានជាអាទិ៍៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប, ផលិតកេសកាតុង និងផលិតផលពីក្រដាស, ផលិតគ្រឿងសង្ហារិមសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតសម្ភារបោះជំរំ, កែច្នៃសំណប៉ាហាំង, ផលិតក្តារបន្ទះ, ផលិតចំណៀរឈើ, កែច្នៃលោហធាតុ និងផលិតផលពីប្លាស្ទិក, ផលិតសារធាតុគីមី, ផលិតដើមណូអែល, ផលិតនិងផ្តុំដំឡើងក្បាលរ៉ូប៊ីណេ, ផលិតគ្រឿងបង្គំបន្ទះសូឡា និងគ្រឿងបង្គុំបរិក្ខារអគ្គិសនី ។ល។

លោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។
លោក ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។

ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ មាន៩គម្រោង បន្ទាប់មកខេត្តតាកែវ ៨គម្រោង, ព្រះសីហនុ៨គម្រោង, កណ្ដាល៦គម្រោង, រាជធានីភ្នំពេញ៥គម្រោង, ស្វាយរៀង៤គម្រោង, កំពង់ឆ្នាំង១គម្រោង និងកោះកុង ១គម្រោង។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ចិននៅតែបន្តឈរលេខរៀងទី១ ដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត