CDC បន្តពិនិត្យសំណើវិនិយោគចំនួន៩ ដាក់ទុនជាង៤០០លានដុល្លារលើវិស័យចំនួន៣
S
Soriya Sou
11 កុម្ភៈ 2026 04:00 AM

រាជធានីភ្នំពេញ៖ គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កំពុងពិនិត្យសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩ ដែលបានដាក់សំណើសុំចុះបញ្ជីវិនិយោគលើវិស័យចំនួន៣ ក្នុងប្រទេសកម្ពុជា...។

គម្រោងវិនិយោគទាំង៩ មានទុនសរុបប្រមាណ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៥ពាន់កន្លែង។ នេះបើតាមការឱ្យដឹងពីគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ លើកទី២ កាលពីរសៀលថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៦។ គម្រោងវិនិយោគទាំង៩ សម្រេចបោះទីតាំងនៅ៖ រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនី និងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់, ផលិតសម្ភារតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែល និងបុណ្យHalloween) វត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស។

ដោយឡែក ១គម្រោងទៀត មានមុខសញ្ញាវិនិយោគលើវិស័យទេសចរណ៍សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន១៣៤១បន្ទប់ ខណៈ១គម្រោងទៀត វិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៖ បង្កើតកសិដ្ឋានបណ្ដុះមេផ្សិត និងផ្សិតគ្រប់ប្រភេទ និងការវេចខ្ចប់កសិផល។ ក្នុងឆ្នាំ២០២៦ គិតត្រឹមដើមខែកុម្ភៈនេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២លើក ស្មើនឹង១៨គម្រោង។ សូមជម្រាបថា ក្នុងខែមករាដើមឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុប៧៥២លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារជូនពលរដ្ឋបាន២៦ពាន់កន្លែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត