មកមើលផ្លូវរួចម្ដង ពេលនេះក្រុមហ៊ុនចិនតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ សម្រេចបង្កើតរោងចក្រនៅកម្ពុជា
S
Soriya Sou
21 មករា 2026 11:30 AM

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានមកពិនិត្យមើលឱកាសវិនិយោគរួច ម្ដងកាលពីចុងឆ្នាំ២០២៤ ពេលនេះ គណៈប្រតិភូក្រុមហ៊ុនចិនតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ បានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា…។

កិច្ចប្រជុំរវាងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។
កិច្ចប្រជុំរវាងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។

លោក លាំង សុងស៊ូ ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ បានប្រាប់ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២១មករា ឆ្នាំ២០២៦ថា នេះជាលើកទី២ ដែលលោកបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា បន្ទាប់ពីលើកទី១កាលពីចុងឆ្នាំ២០២៤។ យ៉ាងណា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារការិយាល័យ និងថាមពលកកើតឡើងវិញ។

លោក លាំង សុងស៊ូ ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។ 
លោក លាំង សុងស៊ូ ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ។ 

លោក ជា វុទ្ធី បានប្រកាសស្វាគមន៍ ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុនចិន ក្នុងការបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ប៉ុន្តែលោកស្នើឱ្យយកទុកដាក់ខ្ពស់លើវិធានការការពារបរិស្ថាន។ ទន្ទឹមគ្នា អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តល់អនុសាសន៍ឱ្យ លោក លាំង សុងស៊ូ និងក្រុមហ៊ុនជាសមាជិក គិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលផ្តោតលើការផលិតក្រដាស និងសម្ភារការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញ ដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។ ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ក្រុមហ៊ុនក៏ត្រូវមានការគិតគូរពីការរៀបចំមូលដ្ឋានផលិត ឬខ្សែច្រវាក់ផលិតកម្មផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបន្តណែនាំដល់ក្រុមហ៊ុចិន ដែលសម្រេចចិត្តវិនិយោគនៅកម្ពុជា គិតគូរការវិនិយោគកែច្នៃកសិផលនៅកម្ពុជា ព្រោះវិស័យនេះ ក៏កំពុងមានសក្តានុពលដែរ។ បានជាសម្រេចចិត្តបោះទុនទៅហើយ លោក ជា វុទ្ធី ស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគ នៅគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជា។ លោកអះអាងថា កំណើននៃរំហូរវិនិយោគមកពីប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ពិតជាបានកើនឡើងដែលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត