ដើមឆ្នាំ២០២៦ កម្ពុជាអនុម័តគម្រោងវិនិយោគ៤៣ ថយចុះ២៥គម្រោង
S
Soriya Sou
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជាអនុម័តគម្រោងវិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុប៧៥២លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២៦…។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគថ្មីទាំងជាង៤០ខាងលើ អាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងដែលត្រូវបានអនុម័តក្នុងខែមករាឆ្នាំនេះ បានថយចុះចំនួន២៥គម្រោង ស្មើនឹងប្រមាណ៣៧ភាគរយ ប៉ុន្តែទំហំទុនវិនិយោគកើនឡើងប្រមាណ៣,៤លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ០,៤៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា៖ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ២០០លានដុល្លារអាម៉េរិក។

វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗក្រសោបបានគម្រោងវិនិយោគទុនច្រើនជាងគេ សរុបជាទឹកប្រាក់៤៦៤លានដុល្លារអាម៉េរិក, វិស័យឧស្សាហកម្ម២៨៥លានដុល្លារអាម៉េរិក និងកសិកម្ម កសិ-ឧស្សាហកម្ម៣លានដុល្លារអាម៉េរិក។ ចិននៅតែបន្តឈរលេខរៀងទី១ដដែល ដែលបានដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត