
មជ្ឈិមបូព៌ា៖ កប៉ាល់ថៃមួយគ្រឿង ដែលដឹកទំនិញ អាចមានទាំងប្រេងផងនោះ បានរងការវាយប្រហារបាញ់កម្ទេចឆេះខ្ទេចខ្ទី បន្ទាប់ពីបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស។ ការវាយប្រហារនេះ បានបណ្ដាលឱ្យឆេះម៉ាស៊ីនកប៉ាល់យ៉ាងសន្ធោសន្ធៅ និងបាត់បង់ការគ្រប់គ្រងទាំងស្រុង ដោយបង្ខំឱ្យនាវិកទាំង២៣នាក់ត្រូវបោះបង់កប៉ាល់ចោល និងជម្លៀសខ្លួនចេញរកតែប្រាសអាយូសនៅកណ្តាលមហាសាគរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិមួយចំនួន ដូចជា Financial Times ជាដើម រួមទាំងកាសែតថៃខ្លួនឯងផងដែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញថៃមួយគ្រឿង ត្រូវបានបាញ់ប្រហារនៅក្នុងសមុទ្ទអារ៉ាប់។ គ្រាប់មិនស្គាល់ប្រភព បានហោះបុកទម្លុះចំផ្នែកខាងក្រោយនៃកប៉ាល់ បណ្ដាលឱ្យបន្ទប់ម៉ាស៊ីនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បានថា តើអាវុធនោះបាញ់ចេញពីភាគីណានៅឡើយទេ។ របាយការណ៍បឋមបានឱ្យដឹងថា កប៉ាល់ថៃនេះ ទើបតែបានចាកចេញពីប្រទេសអារ៉ាប់រួម ហើយកំពុងសំដៅទៅកាន់សមុទ្ទអារ៉ាប់ ដោយឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតរបស់ពិភពលោក។ នៅសុខៗ កប៉ាល់ក៏ត្រូវគេបាញ់ប្រហារ ធ្វើឱ្យម៉ាស៊ីនខូចទាំងស្រុង និងមិនអាចដំណើរការបាន។

ដោយសារតែអណ្តាតភ្លើងឆាបឆេះខ្លាំងពេក ហើយស្ថានការណ៍លែងអាចគ្រប់គ្រងបាន ដើម្បីការពារអាយុជីវិត នាវិកទាំង២៣នាក់ត្រូវបានបង្ខំចិត្តលោតចេញពីកប៉ាល់ និងជម្លៀសខ្លួនចេញជាបន្ទាន់។ បច្ចុប្បន្ន ម្ចាស់កប៉ាល់កំពុងទទូចសុំជំនួយសង្គ្រោះពីភ្នាក់ងារសន្តិសុខជើងទឹកក្នុងតំបន់។ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតយ៉ាងក្ដៅគគុក ដើម្បីរកឱ្យឃើញថា តើភាគីណាជាអ្នកនៅពីក្រោយការបាញ់ប្រហារកប៉ាល់ថៃនេះ...? ទន្ទឹមនឹងតំបន់ជុំវិញច្រកសមុទ្ទហ័រមូស្ស កំពុងស្ថិតក្នុងស្ថានភាពតានតឹងខ្លាំងបំផុត។ មកទល់ពេលនេះគេមិនទាន់បញ្ជាក់បានទេថា តើមានមនុស្សស្លាប់ ឬរងរបួសឬអត់៕



