ព្រលឹងចុងសក់! យន្តហោះ Air India ដឹកមនុស្ស១៣៣នាក់ ដាច់កង់ពេលចុះចតនៅប្រទេសថៃ
ហៀប ស៊ីថេត
6 ម៉ោងមុន

រាជធានីបាងកក​៖ នៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ បានប្រកាសបិទផ្លូវរត់មួយខ្សែ (សម្រាប់យន្តហោះហោះឡើងនិងចុះចត) រហូតដល់ម៉ោង៦ល្ងាចនេះ បន្ទាប់ពីយន្តហោះមួយគ្រឿងបានជួបឧបន្ទវហេតុចុះចតបោកផ្ទប់នឹងផ្លូវរត់យ៉ាងខ្លាំង បណ្ដាលឱ្យដាច់កង់ និងជាប់គាំងនៅចំកណ្តាលផ្លូវរត់តែម្ដង ដែលធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរប្រមាណ១២០គ្រឿងផ្សេងទៀត​...។

រូបភាព៖ The Nation
រូបភាព៖ The Nation

នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ យន្តហោះរបស់ក្រុមហ៊ុន Air India Express ជើងហោះហើរលេខ AXB938 ហោះមកពីទីក្រុងហៃដឺរ៉ាបាដ (Hyderabad) ប្រទេសឥណ្ឌា បានចុះចតខុសបច្ចេកទេស ដោយបានធ្វើឱ្យកង់ផ្នែកខាងមុខដាច់ចេញពីយន្តហោះ ដែលជាហេតុធ្វើឱ្យយន្តហោះមិនអាចចល័តចេញពីផ្លូវរត់បាន។ សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់! មនុស្សទាំងអស់១៣៣នាក់ គ្មាននរណាម្នាក់រងរបួសឡើយ ហើយត្រូវបានជម្លៀសចុះពីលើយន្តហោះដោយសុវត្ថិភាព។ បច្ចុប្បន្ន ពួកគេកំពុងស្ថិតនៅក្រោមការមើលថែក្នុងអគាររង់ចាំ។

រូបភាព៖ The Nation
រូបភាព៖ The Nation

អាជ្ញាធរអាកាសចរណ៍ បានចេញសេចក្តីជូនដំណឹងបិទផ្លូវរត់ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៦ល្ងាច ដើម្បីយកពេលស្ទូចយកយន្តហោះចេញ និងត្រួតពិនិត្យសុវត្ថិភាពផ្លូវរត់។ ការបិទផ្លូវរត់សម្រាប់យន្តហោះនេះ បានបណ្ដាលឱ្យជើងហោះហើរដែលត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភូកេតភូកេតទាំងអស់ ត្រូវនៅបន្តហោះរង់ចាំកណ្តាលអាកាស ខណៈជើងហោះហើរមួយចំនួនត្រូវបានបង្វែរទិសដៅទៅចុះចតនៅព្រលានយន្តហោះជិតខាងវិញ៕

រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត