អាម៉េរិកកម្ទេចនាវាដាក់មីនអ៊ីរ៉ង់នៅជុំវិញច្រកសមុទ្ទហ័រមូស្ស ខណៈស.ង្គ្រា.មកូនកាត់នៅមជ្ឈិមបូព៌ានេះ កំពុងទាញដៃពិភពលោកធ្លាក់ក្នុងវិបត្តិថាមពល
ហៀប ស៊ីថេត
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ បញ្ជាការដ្ឋានយោធាកណ្តាលរបស់សហរដ្ឋអាម៉េរិក (ឬ CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពសហរដ្ឋអាម៉េរិកបានកម្ទេចនាវាដាក់មីនរបស់អ៊ីរ៉ង់ចំនួន១៦គ្រឿង នៅជិតច្រកសមុទ្ទហ័រមូស្ស (Hormuz) កាលពីថ្ងៃអង្គារទី១០ ខែមីនា ខណៈប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា រាល់មីនទាំងហ្លាយណាដែលអ៊ីរ៉ង់បានដាក់ក្នុងច្រកសមុទ្ទយុទ្ធសាស្ត្រនេះ ត្រូវតែដកចេញជាបន្ទាន់...។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់ពង្រាយមីនក្នុងផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងសកល លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា៖«ប្រសិនបើអ៊ីរ៉ង់បានដាក់មីនណាមួយនៅក្នុងច្រកសមុទ្ទហ័រមូស្ស ទោះបីជាយើងមិនទាន់មានរបាយការណ៍ថា ពួកគេបានធ្វើបែបនោះក៏ដោយ យើងចង់ឱ្យពួកគេដកវាចេញជាបន្ទាន់!»។ លោកបន្តថា ប្រសិនបើរដ្ឋធានីតេហេរ៉ង់មិនធ្វើតាមទេ នោះនឹងត្រូវប្រឈមមុខនឹងផលវិបាកយោធា ប៉ុន្តែផលវិបាកយ៉ាងណានោះ លោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លើសពីនេះ លោក ត្រាំ គូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកកំពុងប្រើប្រាស់បច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យា ដែលបានប្រើប្រាស់ប្រឆាំងនឹងក្រុមអ្នករត់ពន្ធគ្រឿងញៀន ដើម្បីកម្ទេចជាអចិន្ត្រៃយ៍នូវរាល់ទូក ឬនាវាទាំងហ្លាយណា ដែលព្យាយាមដាក់ពង្រាយមីនក្នុងច្រកសមុទ្ទហ័មូស្ស។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារជាបន្តបន្ទាប់លើនាវានៅតំបន់សមុទ្ទការ៉ាប៊ីន (Caribbean) និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដែលខ្លួនចោទប្រកាន់ថា បានដឹកជញ្ជូនគ្រឿងញៀនចូលទឹកដីអាម៉េរិក។

បន្តមកនៅថ្ងៃអង្គារទី១១ ខែមីនា មន្ទីរបញ្ចកោណបានបញ្ជាក់ថា ខ្លួនកំពុងវាយប្រហារលើនាវាដាក់មីន និងកន្លែងផ្ទុកមីនរបស់អ៊ីរ៉ង់ជាច្រើន។ សង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងរបបដឹកនាំអ៊ីរ៉ង់ បានធ្វើឱ្យការដឹកជញ្ជូនតាមច្រកសមុទ្ទហ័រមូស្សស្របតាមបណ្តោយឆ្នេរសមុទ្ទអ៊ីរ៉ង់ ត្រូវគាំងទាំងស្រុង ខណៈច្រកនេះជាផ្លូវឆ្លងកាត់ប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោកប្រមាណ២០ភាគរយ ឬប្រហែល១ភាគ៥។ មេទ័ពកំពូលរបស់សហរដ្ឋអាម៉េរិក អះអាងថា យោធាសហរដ្ឋអាម៉េរិក បានចាប់ផ្តើមពិនិត្យមើលមធ្យោបាយផ្សេងៗ ដើម្បីការពារនាវាឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ប្រសិនបើមានបញ្ជា។ 

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានបដិសេធរាល់សំណើស្ទើរតែរាល់ថ្ងៃពីឧស្សាហកម្មដឹកជញ្ជូនសម្រាប់ការអំពាវនាវាឱ្យជួយការពារតាមផ្លូវយោធាឆ្លងកាត់ច្រកសមុទ្ទនេះ។ សូមរំឭកថា លោក ត្រាំ ក៏បានលើកឡើងពីមុនដែរថា សហរដ្ឋអាម៉េរិកបានបំផ្លាញទាំងស្រុងនូវនាវាដាក់មីន ដែលមិនសកម្មចំនួន១០គ្រឿងផ្សេងទៀត។ គួរបញ្ជាក់ថា ការកើនឡើងនៃជម្លោះយោធានៅជុំវិញច្រកសមុទ្ទ បាននិងកំពុងរុញច្រានពិភពលោកឱ្យខិតទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ ខណៈបណ្តាប្រទេសនៅអាស៊ីជាច្រើនរួមទាំងកម្ពុជាផង កំពុងរងគ្រោះដោយចំហាយនៃសង្គ្រាមដ៏ស្រួចស្រាវនៅមជ្ឈិមបូព៌ានេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត