បន្ទាប់ពីហ្វីលីពីន និងវៀតណាម ថៃជាប្រទេសទី៣នៅអាស៊ាន បញ្ជាឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ
ហៀប ស៊ីថេត
2 ម៉ោងមុន

រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល បានបញ្ជាឱ្យមន្ត្រីរាជការទាំងអស់ អនុវត្តវិធានការសន្សំសំចៃថាមពលបន្ទាន់ ចំពេលវិបត្តិថាមពលកំពុងវាយលុក ដែលបណ្ដាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ វិធានការទាំងនោះ រួមមាន៖ ផ្អាកការធ្វើដំណើរបំពេញការងារនៅក្រៅប្រទេស ធ្វើការពីផ្ទះ ការប្រើប្រាស់ជណ្ដើរជើងជំនួសឱ្យជណ្ដើរយន្ត រួមទាំងការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ត្រឹម២៦ទៅ២៧អង្សាសេជាដើម។

 លោក អនុទីន ឆានវីរគុល
 លោក អនុទីន ឆានវីរគុល

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី លលិដា ព្រីសវិវឌ្ឍនា (ลลิดา เพริศวิวัฒนา) បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារទី១០ ខែមីនានេះថា៖«លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យចាប់ពីថ្ងៃនេះតទៅ មន្ត្រីរាជការនឹងត្រូវធ្វើការពីផ្ទះ (ឬ Work from home) លើកលែងតែមន្ត្រីណាដែលចាំបាច់ត្រូវបម្រើសេវាសាធារណៈដោយផ្ទាល់ប៉ុណ្ណោះ»។ បច្ចុប្បន្ន ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ មានថាមពលបម្រុងទុកសម្រាប់ប្រើប្រាស់បានត្រឹមតែ៩៥ថ្ងៃទៀតប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងថាមពល លោក ឥទ្ធិពល ឫកពិបុល្យ៍ (อรรถพล ฤกษ์พิบูลย์) អះអាងថា ថៃកំពុងស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវបន្ថែមពីសហរដ្ឋអាម៉េរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។ ​ទន្ទឹមនឹងការស្វែងរកប្រភពផ្គត់ផ្គង់ រាជរដ្ឋាភិបាល ក៏កំពុងព្យាយាមកាត់បន្ថយតម្រូវការប្រើប្រាស់ជាបន្ទាន់ផងដែរ។ ​

រូបភាព៖ The Nation
រូបភាព៖ The Nation

គួរជម្រាបថា ថៃពឹងផ្អែកលើឧស្ម័នធម្មជាតិរហូតដល់ជិត៦៨ភាគរយ នៃតម្រូវការថាមពលសរុប។ កាលពីដើមខែនេះ ថៃក៏បានផ្អាកការនាំចេញថាមពលទៅកាន់គ្រប់ប្រទេសទាំងអស់ លើកលែងតែប្រទេសឡាវ និងភូមាប៉ុណ្ណោះ។ រាជរដ្ឋាភិបាលថៃក៏បានព្រមានដែរថា ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ វិធានការបង្ខំអាចនឹងត្រូវបានអនុវត្ត រួមមាន៖ ការបន្ថយពន្លឺប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមហាង រោងភាពយន្ត និងអាជីវកម្មនានា រួមទាំងការបង្ខំឱ្យស្ថានីយប្រេងឥន្ធនៈបិទទ្វារ នៅម៉ោង១០ យប់៕

រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
រូបភាព៖ The Nation
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត