ទាហានអាម៉េរិក១៤០នាក់រងរបួសក្នុងយុទ្ធនាការកម្ទេចមីស៊ីល និងនុយក្លេអ៊ែរអ៊ីរ៉ង់
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី១០មីនា បញ្ជាក់ជាផ្លូវការថា កងទ័ពរបស់ខ្លួនចំនួន១៤០នាក់ បានរងរបួស ចាប់តាំងពីការបើកឆាកប្រយុទ្ធក្នុងប្រតិបត្តិការដែលមានឈ្មោះថា «Epic Fury» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ...។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ស៊ាន ប៉ាណែល (Sean Parnell) បានឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំងអស់ មានទាហានចំនួន១០៨នាក់ជាសះស្បើយ និងត្រឡប់ទៅបំពេញភារកិច្ចវិញហើយ ប៉ុន្តែមាន៨នាក់កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ។ រហូតមកដល់ពេលនេះ កងទ័ពអាម៉េរិកចំនួន៨នាក់បានបាត់បង់ជីវិត ដោយ៧នាក់ស្លាប់ដោយការវាយប្រហារ និងម្នាក់ស្លាប់ដោយបញ្ហាសុខភាពនៅគុយវ៉ែត។ ការប៉ះទង្គិចគ្នាដ៏សាហាវនេះ កើតឡើងបន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ បណ្ដាលឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី និងមនុស្សជាង១២៥០នាក់ទៀត បាត់បង់ជីវិត ជាហេតុធ្វើឱ្យអ៊ីរ៉ង់វាយបកវិញតាមរយៈមីស៊ីល និងដ្រូនសំដៅលើមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា។

ទោះបីជាមានការបង្ហូរឈាមគ្នាក៏ដោយ ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា សង្រ្គាមនេះជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែលោកក៏យល់ស្របជាមួយក្រុមជំនួយការដែរថា ប្រតិបត្តិការយោធាទើបតែចាប់ផ្ដើម ហើយនឹងបន្តរហូតដល់សម្រេចបានគោលដៅទាំងស្រុង។ លោកស្រី ខារ៉ូឡាញ លីវីត អ្នកនាំពាក្យសេតវិមាន បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះ កំពុងដំណើរការលឿនជាងផែនការដែលបានកំណត់ទុកចន្លោះពី ៤ទៅ៦សប្តាហ៍ ដោយមានគោលដៅចម្បង គឺកម្ទេចឃ្លាំងមីស៊ីល កងទ័ពជើងទឹក និងលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យអស់ជាស្ថាពរ។ បើទោះបីជាអ៊ីរ៉ង់តែងតែបដិសេធថា ខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរក៏ដោយ ក៏រដ្ឋបាលលោក ត្រាំ នៅតែបន្តយុទ្ធនាការផ្ដាច់ដង្ហើមនេះ រហូតដល់អ៊ីរ៉ង់សុខចិត្តចុះចាញ់ដោយឥតលក្ខខណ្ឌ និងលែងជាការគំរាមកំហែងចំពោះសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត