កម្ពុជាទទួលរងឥទ្ធិពលព្យុះថ្មីឈ្មោះ «នូរី» ធ្វើឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ដល់ពាក់កណ្តាលខែមីនា
L
Linda Sorn
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករឃើញមានព្យុះថ្មីឈ្មោះ នូរី បានជះឥទ្ធិពលមកលើកម្ពុជា ធ្វើឱ្យគ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២៦។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធទី១១មីនា ឆ្នាំ២០២៦។

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករស្ថានភាពអាកាសធាតុរកឃើញថា សម្ពាធទាបដែលកើតនៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៣ ឈ្មោះនូរី (Nuri)។ ព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្ទកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ខេត្តមួយចំនួនជាតំបន់វាលទំនាប រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ

ចំណែកខេត្តជាតំបន់ខ្ពង់រាប រួមមាន កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។ ដោយឡែក ខេត្តក្នុងតំបន់មាត់សមុទ្ទវិញ រួមមាន កោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០ភាគរយដែរ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១ម៉ែត្រ។ ក្រសួងស្នើឱ្យពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាមួយភ្លៀងធ្លាក់ ជាពិសេស ពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោល និងផ្លូវទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត