ក្រសួងទេសចរណ៍ ផ្ញើសារហៅភ្ញៀវបរទេសជុំវិញពិភពលោក បន្តមកកម្សាន្តកម្ពុជាដោយមិនចាំបាច់ព្រួយបារម្ភពីសុវត្ថិភាព
L
Linda Sorn
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិ បន្តមកកម្សាន្តនៅកម្ពុជា ព្រោះកម្ពុជាមានសន្តិសុខ និងសុវត្ថិភាពធម្មតា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២៦។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងស្របពេលស្ថានការណ៍ក្នុងពិភពលោកកំពុងវិវត្តគួរឱ្យព្រួយបារម្ភ ជាពិសេសសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៨កុម្ភៈមក ហើយមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។​  

សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ 
សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ 

ក្រសួងបញ្ជាក់ថា៖«ប្រទេសកម្ពុជានៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្ដៅ ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅលើពិភពលោក»។ ជាមួយគ្នានោះ ក្រសួងអះអាងថា ស្ថាប័នពាក់ព័ន្ធ ភាគីអន្តរជាតិ ផ្នែកឯកជន ក៏បានបន្តអនុវត្តវិធានការម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់ផងដែរ។ ក្រសួង អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្ដៅ។ ក្រសួងថែមទាំងអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយអំពីកម្ពុជាដែលពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជន មានភាពរួសរាយរាក់ទាក់៕

ភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្ញៀវទេសចរមកកម្សាន្តប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ភ្ញៀវទេសចរមកកម្សាន្តប្រាសាទអង្គរវត្ត ខេត្តសៀមរាប
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត