ដោយសារស្ថានភាពជំងឺធ្ងន់ តារាកំប្លែកនាយក្រិន ត្រូវបញ្ជូនពីបាត់ដំបង មកសង្គ្រោះបន្ទាន់នៅភ្នំពេញ
អុន សម្ផស្ស
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ នាយក្រិន តារាកំប្លែង និងជាតារា​សម្ដែងល្បីឈ្មោះ​ ត្រូវបានបញ្ជូនពីខេត្តបាត់ដំបង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត (រាជធានីភ្នំពេញ) ក្រោយស្ថានភាពជំងឺរលាកត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ បង្កជាមេរោគរីករាលដាលចូលក្នុងឈាម ប៉ះពាល់ខួរក្បាលវង្វេងស្មារតី។ នេះបើតាមសិល្បករ លោក សាវិន ហ្វីលីព ប្រាប់ SBM News តាមប្រព័ន្ធទូរសព្ទនៅរសៀលថ្ងៃទី១១មីនា ឆ្នាំ២០២៦…។

ក្នុងនាមជារៀមច្បង លោក សាវិន ហ្វីលីព លើកឡើងថា នាយក្រិនចាប់ផ្តើមឈឺ ហើយចូលមន្ទីរពេទ្យកាលពីសប្តាហ៍មុនម្ដងរួចមកហើយ មុនធ្លាក់ខ្លួនឈឺធ្ងន់នៅពេលនេះ។ លោកថ្លែងថា៖«[..]នាយក្រិនវង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់បើយើងបណ្ដែតបណ្ដោយ ដូច្នេះខ្ញុំបានស្នើសុំដល់វេជ្ជបណ្ឌិត បញ្ជូននាយក្រិនទៅសង្រ្គោះបន្ទាន់នៅភ្នំពេញ [..]»។ លោក ហ្វីលីព រំលេចថា តារាសម្ដែងនាក្រិនលែងឯកោទៀតហើយ ព្រោះត្រូវបានជួយទាន់ពេលវេលា។ ទោះជាយ៉ាងណា លោក នៅតែទទូចឱ្យសាធារណជន ដែលមានសន្តានចិត្តជួយតារាជើងចាស់រូបនេះគឺបន្តជួយបាន។ លោកអះអាងថា៖«[..]ក្រិនជាមនុស្សល្អ ខិតខំតស៊ូណាស់..ជួយគាត់អត់ខុសទេ ហើយជួយចំគោលដៅទៀត..អ្វីដែលខ្ញុំចង់និយាយ បើបងប្អូនគិតថាគាត់ជាតារាល្បីម្នាក់ប្រចាំប្រទេស ជួយគាត់ទៅព្រោះការព្យាបាលគាត់ត្រូវការចំណាចច្រើនណាស់[..]»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត