
ខេត្តតាក៖ សញ្ញាអាសន្ននៃវិបត្តិថាមពលនៅប្រទេសថៃ បានរាលដាលដល់ព្រំដែនជាមួយភូមាហើយ ស្ថានីយប្រេងជាច្រើនក្នុងខេត្តតាក បានសម្រេចបិទទ្វារមិនលក់ប្រេងឱ្យយានយន្តជនជាតិភូមាទេ និងកំណត់កូតាលក់ប្រេងឱ្យរថយន្តក្នុងស្រុកមិនលើសពី១០០០បាត ឬ៣១ដុល្លារឡើយ ដើម្បីទប់ទល់នឹងការសម្រុកដណ្ដើមគ្នាទិញប្រេងយ៉ាងគំហុក ក្រោយវិបត្តិមជ្ឈិមបូព៌ាផ្ទុះឡើង...។

អ្នកយកព័ត៌មានក្នុងតំបន់បានរាយការណ៍ថា វិធានការរឹតបន្តឹងការលក់ប្រេងនេះ ត្រូវបានដាក់ចេញជាបន្ទាន់ បន្ទាប់ពីសង្កេតឃើញមានយានយន្តច្រើនសន្ធឹកសន្ធាប់ សម្រុកឆ្លងដែនមកពីទីក្រុងម្យ៉ាវ៉ាឌី ប្រទេសមីយ៉ាន់ម៉ា ឬភូមា ឆ្លងដែនមកតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយក្នុងដីថៃជាប់ព្រំដែន។ ការសម្រុកទិញប្រេងយ៉ាងគំហុកនេះ កើតឡើងដោយសារមានក្ដីព្រួយបារម្ភពីបញ្ហាផ្គត់ផ្គង់ថាមពល ដែលបណ្ដាលមកពីភាពមិនច្បាស់លាស់នៃស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

បច្ចុប្បន្ន ស្ថានីយប្រេងឥន្ធនៈនៅក្នុងស្រុកជាប់ព្រំដែនទាំង៥ រួមមាន៖ ស្រុកម៉ែសូត្រ, ភពព្រះ, ឱមផាង, ម៉ែរៈម៉ាត និងថាសុងយ៉ាង បានអនុវត្តវិធានការដាច់ខាត ដោយហាមឃាត់រថយន្តចុះបញ្ជីនៅប្រទេសភូមា មិនឱ្យចាក់ប្រេងឡើយ។ ដោយឡែក ម្ចាស់ស្ថានីយប្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះរថយន្តចុះបញ្ជីនៅក្នុងប្រទេសថៃ អនុញ្ញាតឱ្យចាក់ប្រេងជាធម្មតា ប៉ុន្តែត្រូវបានកម្រិតឱ្យចាក់ក្នុងបរិមាណត្រឹមតែ ១០០០បាត (ឬប្រហែល៣១ដុល្លារ)ប៉ុណ្ណោះក្នុងមួយគ្រឿង។

នៅតាមស្ថានីយមួយចំនួន គេសង្កេតឃើញមានបិទស្លាកសញ្ញាជាភាសាថៃ និងភាសាភូមា ដោយសរសេរយ៉ាងច្បាស់ថា «មិនមានការលក់ប្រេងសម្រាប់យានយន្តភូមាឡើយ»។ ទន្ទឹមនោះ បុគ្គលិកបម្រើការនៅស្ថានីយ បានដើរជូនដំណឹងដោយផ្ទាល់មាត់ ទៅកាន់អតិថិជនមកពីភូមា និងអ្នកបើកបរជនជាតិថៃ អំពីការរឹតបន្តឹងថ្មីនេះផងដែរ៕




