អ៊ីរ៉ង់ ជំរុញឱ្យអ្នកកាន់សាសនាអ៊ិស្លាមទម្លាយព័ត៌មានអំពីទីតាំងយោធាអាម៉េរិក និងអ៊ីស្រាអែល ដើម្បីអាចកម្ទេចចំគោលដៅ
ហៀប ស៊ីថេត
5 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក អាបុលហ្វាហ្សល សេកាឈី (Abolfazl Shekarchi) បានអំពាវនាវដល់មូស្លីម (អ្នកកាន់សាសនាអ៊ិស្លាម) ក្នុងតំបន់ និងតាមបណ្តាប្រទេសផ្សេងៗ ឱ្យបង្ហាញទីតាំងយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដើម្បីឱ្យរដ្ឋធានីតេហេរ៉ង់អាចវាយប្រហារបានកាន់តែចំគោលដៅត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេហ្វាព្រេសស៍ (Defa Press) ដែលស្និទ្ធនឹងរដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃពុធទី១១ ខែមីនា។

លោក អាបុលហ្វាហ្សល សេកាឈី
លោក អាបុលហ្វាហ្សល សេកាឈី

លោក សេកាឈី បានលើកឡើងថា សំណើនេះ គឺជាមធ្យោបាយមួយដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ លោកបានថ្លែងថា៖«ខ្ញុំសូមអំពាវនាវដល់មូស្លីម (ឬអ៊ិស្លាមសាសនិក) ក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗ ចូរបង្ហាញយើងនូវទីតាំងលាក់ខ្លួនរបស់កងកម្លាំងអាម៉េរិក និងពួកស៊ីយ៉ូនីស (Zionist) របស់អ៊ីស្រាអែល ដើម្បីកុំឱ្យពួកអ្នករងគ្រោះថ្នាក់ ហើយដើម្បីឱ្យយើងអាចវាយប្រហារពួកគេបានកាន់តែចំគោលដៅ»។ អ្នកនាំពាក្យរូបនេះ បន្តថា សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល កំពុងប្រើប្រាស់ប្រជាជនក្នុងតំបន់ធ្វើជាខែលការពារ។ «តាមវិធីនេះ ប្រជាជនក្នុងតំបន់នឹងមានសុវត្ថិភាពពីការវាយប្រហារដ៏ខ្លាំងក្លារបស់កងកម្លាំងប្រដាប់អាវុធយើង ហើយយើងក៏អាចរំដោះប្រជាជនទាំងនេះឱ្យរួចផុតពី[ក្រញ៉ាំសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល]ផងដែរ»។ នេះជាសម្តីរបស់លោក សេកាឈី ដដែល។

ជាងនេះទៅទៀត លោក សេកាឈី ក៏បានជំរុញឱ្យប្រជាជនទាំងនោះកុំធ្វើជាខែលការពារកងទ័ពអាម៉េរិក ដើម្បីឱ្យអ៊ីរ៉ង់អាចដេញអាម៉េរិកចេញពីតំបន់បានកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ លោកបានចោទប្រកាន់រដ្ឋធានីវ៉ាស៊ីនតោន និងហ្ស៊េរុយសាឡឹម ថា បានតម្រង់គោលដៅលើជនស៊ីវិលដោយចេតនា។ ពាក្យធ្ងន់ៗ និងមុតស្រួចចេញពីមាត់លោក សេកាឈី ៖«កងទ័ពឧក្រិដ្ឋជនអាម៉េរិក និងរបបស៊ីយ៉ូនីស ដែលមិនអាចតទល់នឹងកងកម្លាំងយើងបាន បានប្រើភាពអស់សង្ឃឹមមកបង្ហូឈាមប្រជាជនសាមញ្ញ ស្ត្រី និងកុមារស្លូតត្រង់របស់យើងទៅវិញ។ ចូររង់ចាំមើលការវាយបកដ៏ខ្លាំងក្លាដើម្បីសងសឹកចំពោះទង្វើដ៏ព្រៃផ្សៃទាំងនេះ។ មិនយូរទេ យើងនឹងសងសឹក និងវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតលើពួកគេ»។ លើសពីនេះ លោកបានរិះគន់ឥតសំចៃមាត់ថា ៖«សហរដ្ឋអាម៉េរិកជាពួកលាក់ពុត។ សហរដ្ឋអាម៉េរិក និងលោក ត្រាំ ដែលជាអ្នកភូតភរ និងមហាស្រមើស្រមៃ បានបើកការឈ្លានពានក្រោមស្លាកគាំទ្រប្រជាជនអ៊ីរ៉ង់...»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត