
មជ្ឈិមបូព៌ា៖ ស្ថានការណ៍សង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបន្តរីករាលដាលដល់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីដ្រូនមួយគ្រឿងបានវាយប្រហារចំមជ្ឈមណ្ឌលគាំទ្រការទូតរបស់អាម៉េរិកប្រចាំរដ្នធានីបាកដាដ នៅថ្ងៃទី១១ ខែមីនានេះ...។

បើតាមប្រភពពីមន្ត្រីអាម៉េរិក និងរបាយការណ៍ផ្ទៃក្នុង ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ការវាយប្រហារនេះកើតឡើងនៅក្បែរប៉មយាមនៃមជ្ឈមណ្ឌលស្ថិតនៅក្បែរព្រលានយន្តហោះបាកដាដ ប៉ុន្តែមិនបណ្ដាលឱ្យមនុស្សរងរបួសទេ។ ជាមួយគ្នា កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍ថា មានដ្រូនសរុបដល់ទៅ៦គ្រឿង ត្រូវបានបង្ហោះសំដៅមកកាន់បរិវេណស្ថានទូត ប៉ុន្តែ៥គ្រឿងត្រូវបានបាញ់ទម្លាក់។ ក្រុមអ្នកវិភាគជឿថា ការវាយប្រហារនេះ ទំនងជាធ្វើឡើងដោយចលនាតស៊ូអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ាក់ ជាបណ្តុំក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលអ៊ីរ៉ាក់ បានចេញមុខថ្កោលទោសការវាយប្រហារដែលកើតឡើងនៅក្បែរមូលដ្ឋានទ័ពរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ចំឈ្មោះមូលដ្ឋានអាម៉េរិកដែលរងការខូចខាតនោះទេ។

ក្រសួងការពារជាតិអ៊ីរ៉ាក់ បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រសួងការពារជាតិ បញ្ជាក់ថា នឹងមិនឈរឱបដៃមើលឡើយ។ ផ្ទុយទៅវិញ ក្រសួងនឹងប្រឈមមុខយ៉ាងម៉ឺងម៉ាត់ ក៏ដូចជាតាមប្រមាញ់..គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។ ទន្ទឹមនឹងការវាយប្រហារនៅអ៊ីរ៉ាក់ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ក៏បានបង្កើនការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើប្រទេសអ៊ីរ៉ង់ ដែលមន្ទីរបញ្ចកោណចាត់ទុកថា ជាការវាយប្រហារខ្លាំងបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ជាការវាយបកវិញ កងទ័ពបដិវត្តន៍អ៊ីរ៉ង់ បានបាញ់មីស៊ីលសំដៅលើមូលដ្ឋានទ័ពអាម៉េរិក Al Udeid ក្នុងប្រទេសកាតា និងមូលដ្ឋាន Al Harir ក្នុងតំបន់ឃើដឌីស្ថានរបស់អ៊ីរ៉ាក់ ព្រមទាំងប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ពក្នុងប្រទេសអារ៉ាប់រួម និងបារ៉ែនផងដែរ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា ការវាយប្រហារនេះ គឺដើម្បីកម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ ខណៈភាគីអ៊ីរ៉ង់បានបដិសេធ និងចោទប្រកាន់ថា ជាការរំលោភអធិបតេយ្យភាពខុសច្បាប់។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល បានបណ្ដាលឱ្យជនស៊ីវិលអ៊ីរ៉ង់ស្លាប់កើនឡើងដល់ជាង១៣០០នាក់ហើយ ខណៈខាងអ៊ីស្រាអែលអះអាងថា ជនស៊ីវិលខ្លួន១១នាក់ បានបាត់បង់ជីវិតដោយសារការវាយបកពីអ៊ីរ៉ង់៕



