
រដ្ឋធានីប៉ារីស៖ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិខ្នាតយក្សរបស់បារាំង ឈ្មោះ Thales (តាលេស) បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធការពារដែនអាកាស និងមីស៊ីលចម្រុះដ៏ទំនើបបំផុត ដែលអាចតភ្ជាប់សមត្ថភាពការពារដែនអាកាស ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងសន្តិសុខដែនអាកាសអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃពុធទី១១ ខែមីនា។

ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រព័ន្ធការពារដែនអាកាសនេះមានឈ្មោះថា «ខែលការពារមេឃ ឬ SkyDefender»។ វាគឺជាខែលការពារដែនអាកាសពហុស្រទាប់ (ឬច្រើនស្រទាប់) ដែលមានសមត្ថភាពទប់ទល់នឹងរាល់ការគំរាមកំហែងគ្រប់ប្រភេទ ទាំងនៅលើដី លើសមុទ្ទ និងក្នុងលំហអាកាស។ កញ្ចប់បច្ចេកវិទ្យានេះ រួមបញ្ចូលប្រព័ន្ធ ForceShield (ហ្វសស៊ីល) ដែលមានស្រាប់សម្រាប់ទប់ទល់នឹងការគំរាមកំហែងរយៈចម្ងាយជិត ដូចជាដ្រូនជាដើម, ប្រព័ន្ធ SAMP-T NG (សេម-ធី អ៊ិនជី) សម្រាប់ការពាររយៈចម្ងាយមធ្យម និងប្រព័ន្ធ SMART-L Multi-Mission (ស្មាត-អ៊ិល ម៉ាល់ធី-មិសសឹន) ព្រមទាំងរ៉ាដាផ្សេងទៀត ដែលមានសមត្ថភាពចាប់សញ្ញាស្វែងរកការគំរាមកំហែងរយៈចម្ងាយឆ្ងាយ រហូតដល់ទៅ៥០០០គីឡូម៉ែត្រ (៣១០០ ម៉ាយល៍)៕




