បារាំង-ចិន ចាប់ដៃគ្នាស្វែងរកដំណោះស្រាយនយោបាយបញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ស្របពេលសមរភូមិនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ រដ្ឋមន្ត្រីការបរទេសបារាំង លោក ជៀន-ណូអែល បារ៉ូត (Jean-Noel Barrot) បានជួបពិភាក្សាតាមទូរសព្ទជាមួយសមភាគីចិន លោក វ៉ាង យី ដើម្បីរកវិធីបន្ទាបកម្តៅសង្គ្រាម និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ មហាអំណាចទាំងពីរ បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខសមូហភាព និងគោរពតាមបំណងប្រាថ្នារបស់ប្រជាជនអ៊ីរ៉ង់...។

លោកJean-Noel Barrot
លោកJean-Noel Barrot

នៅក្នុងកិច្ចសន្ទនានោះ លោក ជៀន-ណូអែល បារ៉ូត បានទម្លាក់កំហុសទាំងស្រុងទៅលើរបបដឹកនាំអ៊ីរ៉ង់ ចំពោះការបង្កឱ្យមានការរីករាលដាលជម្លោះ តាមរយៈការវាយប្រហារដោយគ្មានមូលហេតុលើបណ្តាប្រទេសក្នុងតំបន់។ លោកក៏បានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋធានីតេហេរ៉ង់ ដែលបានបដិសេធមិនគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ សកម្មភាពមីស៊ីលបាលីស្ទីក និងការគាំទ្រក្រុមប្រដាប់អាវុធក្រៅរដ្ឋាភិបាល។

លោកវ៉ាង យី
លោកវ៉ាង យី

ជាមួយគ្នានេះ លោក ជៀន-ណូអែល បារ៉ូត បានសង្កត់ធ្ងន់ថា បារាំងមិនមានការពាក់ព័ន្ធ ឬទទួលបានដំណឹងជាមុនអំពីប្រតិបត្តិការយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលនោះឡើយ។ លោកបន្ថែមថា បណ្ដាប្រទេសទាំងអស់ត្រូវតែផ្តល់អាទិភាពដល់ស្ថាប័នអន្តរជាតិក្នុងការដោះស្រាយវិវាទ ហើយចុងក្រោយ រដ្ឋមន្ត្រីទាំងពីរ បានព្រមព្រៀងគ្នារក្សាផ្លូវកិច្ចសន្ទនាឱ្យនៅចំហជានិច្ចលើបញ្ហានេះ។ ការពិភាក្សាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មហាអំណាចពិភពលោក ក្នុងការទប់ស្កាត់មិនឱ្យសង្គ្រាមនេះក្លាយជាមហន្តរាយដែលមិនអាចគ្រប់គ្រងបាន ខណៈសហរដ្ឋអាម៉េរិកកំពុងបង្កើនការវាយប្រហារលើអ៊ីរ៉ង់កាន់តែខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត