អង់គ្លេស បារាំង និងក្រិក បញ្ជូនទ័ពការពារដែនអាកាសបន្ទាន់ ក្រោយអ៊ីរ៉ង់ប្រើដ្រូនវាយប្រហារមូលដ្ឋានទ័ពអាកាស
N
Nary Vann
04 មីនា 2026 04:15 AM

រដ្ឋធានីនីកូស៊ី៖ ភាពតានតឹងនៅមជ្ឈិមបូព៌ា បានហក់ឡើងដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីដ្រូនអត្តឃាតប្រភេទ Shahed ផលិតដោយអ៊ីរ៉ង់ ហោះក្នុងកម្ពស់ទាបគេចពីរ៉ាដា បានវាយប្រហារចំផ្លូវរត់នៃមូលដ្ឋានទ័ពអាកាសអង់គ្លេស Akrotiri លើកោះស៊ីប។ ព្រឹត្តិការណ៍នេះ បានបង្ខំឱ្យចក្រភពអង់គ្លេស បារាំង និងក្រិក សម្រេចចិត្តបញ្ជូនកម្លាំងការពារអាកាសទៅកាន់កោះស៊ីបបន្ទាន់ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា...។

មន្ត្រីជាន់ខ្ពស់កោះស៊ីបបញ្ជាក់ថា ដ្រូននេះ ទំនងជាត្រូវបានបង្ហោះចេញពីទឹកដីលីបង់ ដោយក្រុមហេសប៊ូឡាស ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ខណៈដ្រូន២គ្រឿងផ្សេងទៀតត្រូវបានស្ទាក់ចាប់បានទាន់ពេលវេលា។ ទោះបីជាមូលដ្ឋាន Akrotiri គឺជាទឹកដីអធិបតេយ្យរបស់អង់គ្លេសក៏ដោយ ប៉ុន្តែទីតាំងខាងលើ ស្ថិតនៅកៀកនឹងតំបន់ប្រជាជនស៊ីបរស់នៅ ដែលបង្ខំឱ្យពលរដ្ឋរាប់រយនាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងទាំងភ័យខ្លាច បន្ទាប់ពីប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ ត្រូវបានអូសបញ្ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមដោយនឹកស្មានមិនដល់។

ឆ្លើយតបនឹងការគំរាមកំហែង ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសបញ្ជូនប្រព័ន្ធការពារមីស៊ីល និងប្រព័ន្ធប្រឆាំងដ្រូន ព្រមទាំងនាវាចម្បាំង Languedoc មកកាន់កោះស៊ីបភ្លាមៗ ខណៈចក្រភពអង់គ្លេសបានដាក់ពង្រាយនាវាបំផ្លាញមីស៊ីល HMS Dragon បំពាក់ដោយប្រព័ន្ធ Sea Viper និងឧទ្ធម្ភាគចក្រ Wildcat ២គ្រឿង ដើម្បីពង្រឹងសមត្ថភាពស្វែងរក និងកម្ទេចគោលដៅនៅលើអាកាស។ ទន្ទឹមនេះ ប្រទេសក្រិក ក៏បានចូលរួមអន្តរាគមន៍ដោយបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿង និងនាវាចម្បាំង ដែលបំពាក់ប្រព័ន្ធបង្អាក់សញ្ញាដ្រូន Centauros ដើម្បីជួយការពារអធិបតេយ្យភាពកោះស៊ីប។ ការទាញកោះស៊ីបចូលទៅក្នុងជម្លោះ បង្ហាញពីហានិភ័យកាន់តែខ្លាំង ដែលសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងឆាបឆេះរាលដាលដល់ទឹកដីអឺរ៉ុប ប្រសិនបើការចរចាបន្ទាបកម្តៅមិនអាចសម្រេចបានក្នុងពេលឆាប់ៗទេនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត