បារាំង និងសម្ព័ន្ធមិត្ត ប្រកាសបេសកកម្មបើកផ្លូវនាវាដឹកប្រេង ស្របពេលសង្គ្រាមមជ្ឈិមបូព៌ាធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង
N
Nary Vann
11 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានផ្ញើសារព្រមានយ៉ាងម៉ឺងម៉ាត់ថា ការវាយប្រហារណាមួយលើកោះស៊ីប គឺជាការវាយប្រហារលើសហភាពអឺរ៉ុបទាំងមូល។ ទន្ទឹមនោះ លោកបានប្រកាសថា បារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំបេសកកម្មការពារ ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ ក្រោយសង្គ្រាមមជ្ឈិមបូព៌ាឈានចូលសប្តាហ៍ទីពីរ...។

លោក អេម៉ានូអែល ម៉ាក្រុង
លោក អេម៉ានូអែល ម៉ាក្រុង

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ាហ្វូស ជាប់ឆ្នេរកោះស៊ីប លោក ម៉ាក្រុង បានបញ្ជាក់ថា បេសកកម្មនេះ មានគោលដៅអមដំណើរនាវាដឹកទំនិញ និងនាវាដឹកប្រេង ដើម្បីឱ្យរំហូរពាណិជ្ជកម្មអន្តរជាតិអាចដំណើរការឡើងវិញបាន បន្ទាប់ពីចរាចរណ៍តាមច្រកសមុទ្ទដ៏សំខាន់មួយនេះ បានជាប់គាំងទាំងស្រុង ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក ម៉ាក្រុង រួមជាមួយមេដឹកនាំកោះស៊ីប និងក្រិក បានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងមិនឈរឱបដៃមើលទឹកដីខ្លួន (កោះស៊ីប) ត្រូវបានគំរាមកំហែងដោយដ្រូនរបស់អ៊ីរ៉ង់នោះឡើយ។ លោកបញ្ជាក់ថា៖«នៅពេលកោះស៊ីបរងការវាយប្រហារ គឺអឺរ៉ុបទាំងមូលជាអ្នករងគ្រោះ»

ជាការឆ្លើយតបនឹងការវាយប្រហារដោយដ្រូន បារាំងបានបញ្ជូននាវាផ្ទុកយន្តហោះ Charles de Gaulle នាវាចម្បាំង និងអង្គភាពការពារអាកាស ទៅកាន់សមុទ្ទមេឌីទែរ៉ាណេ និងកោះស៊ីបបន្ទាន់។ បារាំងគ្រោងបង្កើតសម្ព័ន្ធភាពរវាងរដ្ឋក្នុងអឺរ៉ុប និងក្រៅអឺរ៉ុប ដើម្បីធានាសុវត្ថិភាពនាវាចរណ៍លើលម្ហសមុទ្ទ។ លោកសង្កត់ធ្ងន់ថា នេះគឺជាបេសកកម្មការពារសុទ្ធសាធ ដើម្បីជួយដល់សេដ្ឋកិច្ចពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត