
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៦៥នាក់ ត្រូវបានចាប់ខ្លួននៅទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងចំណុចខុនដូរ ហ្គោលឌិន វ័ន (Golden One) សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១មីនានេះ...។

យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកលុយឆ្លងប្រទេស ក្រោមរូបភាពជាច្រើនរួមមាន៖ ការអូសទាញ លួងលោម ឱ្យដាក់ប្រាក់វិនិយោគក្លែងក្លាយ បានប្រព្រឹត្តិទៅដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានី លោក ឃួង ស្រេង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ បើកការឆ្មក់បង្រ្កាបកំលុងពេលពួកគេកំពុងលបលួចធ្វើសកម្មភាព ព្រមទាំងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៦៥នាក់ ក្នុងនោះ៖ ជនជាតិចិន៨នាក់ និងខ្មែរចំនួន៥៧នាក់ផងដែរ។

ទោះយ៉ាងណា ក្នុងវង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងជាច្រើន ដែលបម្រើឱ្យការប្រព្រិត្តិបទល្មើសឆបោក។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕









