ស្លា.ប់មេដឹកនាំកំពូល និងទីក្រុងច្រើនជាង១០០ត្រូវគ្រាប់មីស៊ីល ប៉ុន្តែអ៊ីរ៉ង់នៅតែក្តាប់ដៃ និងហ៊ានតមាត់ផាំងៗដាក់សត្រូវជាជើងខ្លាំង
Mao Sopha
មួយថ្ងៃមុន

រដ្ឋធានីតេហេរ៉ង់៖ បើកឆាកសង្គ្រាមថ្ងៃដំបូង មេដឹកនាំកំពូលផុតលេខរបស់ខ្លួន ក៏បាត់បង់ជីវិត សង្គ្រាមអូសបន្លាយអស់ប៉ុន្មានថ្ងៃក្រោយមក ទីក្រុងតូចធំយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅជាង១០០ បានរងគ្រាប់មីស៊ីល តេហេរ៉ង់ ដែលជារដ្ឋធានីប្រចាំប្រទេស ក៏ពោរពេញដោយអណ្តាភ្លើង កងទ័ពស្លាប់គរជើងគ្នា តែអ៊ីរ៉ង់នៅតែធ្វើខ្លាំងដដែលៗ មិនឱ្យអាម៉េរិក និងអ៊ីស្រាអែល ជាសត្រូវ ពេបមាត់ឡើយ។  

នៅអ៊ីរ៉ង់
នៅអ៊ីរ៉ង់

លោក កាហ្សេម ហ្ការីបាបាឌី (Kazem Gharibabadi) អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ប្រើសម្តីខ្លាំងៗត្រឡប់ទៅកាន់គូសត្រូវថា បើអាម៉េរិក និងអ៊ីស្រាអែល ស្នើសុំបទឈប់បាញ់មែន បទឈប់បាញ់នោះ នឹងអាចកើតឡើងចំពោះមុខបាន លុះត្រាអ៊ីរ៉ង់ មើលឃើញច្បាស់លាស់ជាមុនថា អាម៉េរិក និងអ៊ីស្រាអែល លែងវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត។ លោក បន្តថា អាម៉េរិក និងអ៊ីស្រាអែល មិនអាចគ្រាន់តែមករកអ៊ីរ៉ង់ ហើយនិយាយពីរឿងបទឈប់បាញ់ អ៊ីរ៉ង់ ក៏យល់ព្រមនោះទេ។     

លោក កាហ្សេម ហ្ការីបាបាឌី
លោក កាហ្សេម ហ្ការីបាបាឌី

«យើងកំពុងមានប្រៀប[ក្នុងសង្គ្រាមនេះ]។ ផែនការរបស់អាម៉េរិក-អ៊ីស្រាអែល ត្រូវបរាជ័យ ហើយពួកគេមិនអាចសម្រេចគោលបំណងឡើយ» នេះជាសម្តីរបស់អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃ១០មីនា។ អ៊ីរ៉ង់មានប្រៀបត្រង់ណា? មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ដដែល លើកឡើងថា អ៊ីរ៉ង់ បានធ្វើឱ្យអាម៉េរិក និងអ៊ីស្រាអែល ខូចខាតយ៉ាងធ្ងន់ធ្ងរ ចូរមើលស្ថានភាពប្រេង និងសេដ្ឋកិច្ចពិភពលោកនាពេលនេះទៅ នឹងដឹងហើយ។ លោក ដល់ថ្នាក់ហ៊ានប្រើពាក្យនេះ ៖«គឺយើងទេ ដែលនឹងសម្រេចចិត្តថា ពេលណា សង្គ្រាមនឹងត្រូវបញ្ចប់»។ 

នៅអ៊ីរ៉ង់
នៅអ៊ីរ៉ង់

សារឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ថ្លែងក្នុងសន្និសីទកាសែតថា សង្គ្រាមនៅអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នា លោកប្រធានាធិបតី ថែមទាំងបង្ហោះសារគំរាមតាមរយៈបណ្តាញសង្គម Truth Social ថា បើនៅតែបិទផ្លូវទឹកហរមូស្ស (Hormuz) មិនឱ្យដឹកប្រេងចេញទៅកាន់ពិភពលោក អ៊ីរ៉ង់ នឹងត្រូវអាម៉េរិក វ៉ៃខ្លាំងជាងនេះ២០ដង

លោក ត្រាំ
លោក ត្រាំ

ជាការកត់សម្គាល់ អាម៉េរិក និងអ៊ីរ៉ង់ មិនត្រឹមតែប្រើអាវុធកម្ទេចគ្នានោះទេ តែក៏សម្តីខ្លាំងផូងផាំងដាក់គ្នាដែរ តាំងពីមុនផ្ទុះសង្គ្រាមម្ល៉េះ។ ចំណែកអ៊ីស្រាអែលវិញ មិនសូវបូរបាច់ច្រើនឡើយ គឺគិតតែពីវ៉ៃ។ សង្គ្រាមដែលចាប់ផ្តើមឡើងតាំងពីថ្ងៃ២៨កុម្ភៈមក ដោយអាម៉េរិក-អ៊ីស្រាអែល រួមគ្នាវាយប្រហារទៅលើអ៊ីរ៉ង់តែម្នាក់ឯង បានបង្កផលប៉ះពាល់ដល់តំបន់មជ្ឈិមបូព៌ាទាំងមូល រហូតដល់ពិភពលោក ក៏ត្រូវជួបវិបត្តិខ្វះប្រេង ដោយសារច្រកហរមូហ្សដ៏សំខាន់បំផុត ដែលតែងនាំប្រេងចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់ពិភពលោក ត្រូវបិទខ្ទប់។ ក្នុងសង្គ្រាមដែលកំពុងអូសបន្លាយនេះ អ៊ីរ៉ង់ មានមនុស្សស្លាប់ច្រើនជាង ហើយហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវខូចខាតច្រើនជាងអាម៉េរិក និងអ៊ីស្រាអែលដែរ៕    

រូបបង្ហាញពីច្រកហរមូស្ស
រូបបង្ហាញពីច្រកហរមូស្ស
គ្រាប់មីស៊ីល ត្រូវបានបាញ់ក្នុងសង្គ្រាមពីរទល់មួយ (អាម៉េរិកឥ-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់)។ 
គ្រាប់មីស៊ីល ត្រូវបានបាញ់ក្នុងសង្គ្រាមពីរទល់មួយ (អាម៉េរិកឥ-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់)។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត