
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅតុលាការ ក្រោយពួកគេធ្វើសកម្មកាច់-កម៉ូតូរបស់ពលរដ្ឋចំនួនពីរករណីផ្សេងគ្នា តាមបណ្ដាខណ្ឌមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ គូសបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ថ្ងៃ០៧ដល់ថ្ងៃទី០៩ ខែមីនា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះពីរករណីផ្សេងគ្នា។ ភ្លាមៗ..លោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាន បានចាត់កម្លាំងសមត្ថកិច្ចជំនាញធ្វើការអង្កេតស្រាវជ្រាវរហូតឈានដល់ការបំបែករឿងក្ដីកាច់-ក ព្រមទាំងធ្វើការប្រមាញ់បានជនល្មើសចំនួន២នាក់ផងដែរ។

ក្នុងនោះរួមមាន៖ ទី១.ឈ្មោះ ចំរើន សំណាង ហៅអាធ្មេញ និងទី២.ឈ្មោះ ធី រីដា ហៅ ភ័ក្រ្ត ហៅអាដឺ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕




