
រាជធានីភ្នំពេញ៖ សំណង់ការពារច្រាំងទន្លេសាប វិនិយោគដោយវិស័យឯកជនប្រវែង២២០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បាននិងកំពុងដំណើរការសាងសង់ដោយមានច្បាប់ពីអាជ្ញាធរតំបន់ តែគ្មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយម។ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ បាននាំមន្ត្រីជំនាញចុះទៅពិនិត្យទីតាំងនោះ កាលពីរសៀលថ្ងៃទី៩មីនា ឆ្នាំ២០២៦..។

លោក ឈា ប៊ុនរិទ្ធ បញ្ជាក់ថា សំណង់ការពារច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែកតាគង់ ខណ្ឌជ្រោយចង្វានេះ ជាការវិនិយោគដោយវិស័យឯកជនក្នុងគោលបំណងការពារការបាក់ច្រាំង ដែលមានប្រវែងសរុប២២០ម៉ែត្រ។ បច្ចុប្បន្ន សំណង់សម្រេចការសាងសង់បានប្រមាណ៨ភាគរយប៉ុណ្ណោះ ដោយទទួលបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ធ្នូ ឆ្នាំ២០២៥កន្លងទៅ ប៉ុន្តែពុំទាន់មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងនៅឡើយទេ។ ចំពោះមុខបញ្ហានេះ លោក ឈា ប៊ុនរិទ្ធ ណែនាំដល់ម្ចាស់សំណង់ឱ្យរួសរាន់រៀបចំបែបបទស្នើសុំការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រ ពីក្រសួងធនធានទឹក និងឧតុនិយម ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន មុននឹងបន្តសកម្មភាពសាងសង់បន្តទៀត។

ជាមួយគ្នា ក្រុមការងារក្រសួង ស្នើឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វា ផ្តល់ផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតំបន់នោះ ដើម្បីផ្ទៀងផ្ទាត់ការសាងសង់ឱ្យស្របតាមប្លង់កំណត់។ ក្នុងន័យនេះ លោករដ្ឋលេខាធិការប្រចាំការ ពន្យល់លើមូលដ្ឋានច្បាប់សំខាន់ៗ ស្តីពីការគ្រប់គ្រងធនធានទឹកនៅប្រទេសកម្ពុជា ដែលបានចែងថា៖«រាល់ការសាងសង់ស្ពានតូច-ធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ តម្រូវឱ្យមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម»។ ទន្ទឹមនឹងនេះ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ក៏បានកំណត់អំពីនិយាមដីចំណីទន្លេដែរ។ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ការកំណត់ដីចំណីនេះត្រូវអនុវត្តតាមបទដ្ឋានដោយឡែក៕






