
រាជធានីភ្នំពេញ៖ ម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ចំនួន៤គ្រឿង ត្រូវបានជប៉ុនបញ្ជូនមកកម្ពុជា ដើម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ។ នេះបើតាមការឱ្យដឹងពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នាថ្ងៃអង្គារទី១០មីនា ឆ្នាំ២០២៦។

លោក ហេង រតនា បានឱ្យដឹងថា ម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ទាំង៤គ្រឿង បានមកពីការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នារវាងអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS។ លោកគូសបញ្ជាក់ថា ម៉ាស៊ីននឹងត្រូវពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន និងគ្រាប់មីន ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ គួរជម្រាបថា កាលពីថ្ងៃទី២៦កុម្ភៈកន្លងទៅ កម្ពុជាក៏ទើបតែទទួលបានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ ប្រភេទ KOMATSU មានទម្ងន់ជាង៤០តោន ពីរដ្ឋាភិបាលជប៉ុនផងដែរ។

គ្រឿងចក្រ ត្រូវបានប្រើដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ ក្នុងការពន្លឿនលើការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេស សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានកម្ពុជា កាលពីពេលថ្មីៗ។ សង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងឆ្នាំ២០២៥កន្លងទៅ បានបង្កឱ្យមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជាមួយភាគធំ ពោលគឺគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូនអត្តឃាត អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទូទៅ បានគំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីប្រមាណ៤៤១ ៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ក្នុងខេត្តចំនួន៧ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕




