អ្នកជំនួញជប៉ុន ភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍរបស់កម្ពុជា ខុសពីការផ្សព្វផ្សាយមិនពិតតាមបណ្ដាញសង្គម
S
Soriya Sou
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាមានភាពវិជ្ជមាន និងការអភិវឌ្ឍយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល ខុសពីការផ្សព្វផ្សាយរបស់សារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន។ នេះជាការមើលឃើញរបស់ក្រុមធុរកិច្ចជប៉ុន ដែលបានអញ្ជើញមកដល់ប្រទេសកម្ពុជាដោយផ្ទាល់​…។

កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៦ គណៈប្រតិភូធុរកិច្ចជប៉ុនមកពីវិស័យ​អចលនទ្រព្យ,​ ពាណិជ្ជកម្ម,​ ភោជនីយដ្ឋាន, គ្រឿងសម្អាង, និងសេវាកម្មថែទាំមនុស្សចាស់ ដឹកនាំដោយ លោក រស់ រាសី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ​នៅតំបន់សេនដៃ ប្រទេសជប៉ុន ដោយបានជួបពិភាក្សាការងារជាមួយលោក លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងជប៉ុន និងកម្ពុជា។ បើតាមលោក រស់ រាសី នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយរបស់ប្រតិភូធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ​ ហើយពួកគាត់មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពវិជ្ជមាន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា​ ដែលខុសពីការផ្សព្វផ្សាយតាមព័ត៌មាន និងបណ្ដាញសង្គម មុនពេលពួកគាត់អញ្ជើញមកដល់កម្ពុជាដោយផ្ទាល់។ ​

ជាការឆ្លើយតប លោក លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏សកម្មរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅជប៉ុន​ ។ លោកបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនជប៉ុន ចាប់យកឱកាសវិនិយោគនៅកម្ពុជា ​ និងបង្កើតទំនាក់ទំនង​ជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ មិនមែនតែអ្នកជំនួញជប៉ុនទេ តែមានអ្នកជំនួញបរទេសជាច្រើនទៀត ដែលកោតសរសើរពីស្ថានភាពវិជ្ជមាន និងការអភិវឌ្ឍរបស់កម្ពុជា ក្រោយឈានជើងលើទឹកដីកម្ពុជាដោយផ្ទាល់។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន ប្រទេសកូរ៉េខាងត្បូង ក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន ថែមទាំងបង្ហាញក្ដីជឿជាក់ថា ការមកដល់ដោយផ្ទាល់របស់ខ្លួន និងក្រុមវិនិយោគិនកូរ៉េផ្សេងទៀតលើទឹកដីកម្ពុជា នឹងក្លាយជាសក្ខីភាពដ៏សំខាន់ក្នុងការលុបបំបាត់រាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានា ដែលបានកើតឡើងលើកម្ពុជានាពេលកន្លងមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត