
រាជធានីបាងកក៖ ភាពជោគជ័យនៃការធ្វើពហិការបស់ពលរដ្ឋកម្ពុជា ក្រោយឈឺចាប់ពីទង្វើឈ្លានពានរបស់យោធាថៃ ពេលនេះ ចេញជាលទ្ធផលហើយ ពោលគឺក្រុមហ៊ុនផលិតមីថៃឈ្មោះ «ម៉ាម៉ា MAMA» ដែលធ្លាប់តែជោគជ័យខ្លាំងលើទីផ្សារកម្ពុជា បានប្រកាសពីការខាតបង់ចំណូលជិត២ពាន់លានបាត ក្រោយប្រតិបត្តិការលក់ឆ្នាំ២០២៥ ធ្លាក់ចុះយ៉ាងគំហុក ស្ទើរនឹកស្មានមិនដល់...។

យោងតាមរបាយការណ៍ក្រុមហ៊ុន Thai President Foods Public Company Limited ឬហៅកាត់ថា (TFMAMA) ក្រុមហ៊ុនបានបាត់បង់ចំណូលអស់ជាង១,៩៥ពាន់លានបាត ពោលគឺធ្លាក់ចុះ៦,៦១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ លើសពីនេះ ប្រាក់ចំណេញសុទ្ធបានដាំក្បាលចុះរហូតដល់១៧,២៧ភាគរយ។ នេះគឺជាសញ្ញាបង្ហាញថា ដង្ហើមសេដ្ឋកិច្ចក្រុមហ៊ុនរកស៊ីរបស់ថៃ កំពុងរងនូវការខាតបង់យ៉ាងដំណំ ក្រោយយោធាបើកការឈ្លានពានលើប្រទេសកម្ពុជាយ៉ាងកម្រោល កាចសាហាវ ព្រៃផ្សៃយង់ឃ្នងបំផុត កាលពីចុងឆ្នាំ២០២៥កន្លងទៅថ្មីៗ។ មូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនមី ម៉ាម៉ា ខាតបង់ និងឡុងចុងបែបនេះ ដោយសារតែចំណូលពីក្រៅប្រទេសបានបាត់បង់រហូតដល់១៧,៤៩ភាគរយ ព្រោះតែការសម្រេចចិត្តបិទទ្វារព្រំដែនជាមួយប្រទេសកម្ពុជា និងបើកការឈ្លានពាន ធ្វើឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងរស់នៅជុំវិញពិភពលោក សម្រេចចិត្តពហិកាផលិតផលថៃវិញ ដើម្បីជាការសងសឹក។

សូមជម្រាបថា ការដែលថៃព្យាយាមប្រើឥទ្ធិពលយោធា និងដាក់សម្ពាធនយោបាយបិទច្រកព្រំដែនជាមួយកម្ពុជាដោយឯកតោភាគី គឺមិនត្រឹមតែជួយឱ្យកម្ពុជារឹងដៃរឹងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើក្រុមហ៊ុនផលិតមី «ម៉ាម៉ា» ក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី និងផលិតផលប្រទេសថៃមួយចំនួនទៀត រងនូវការខាតបង់ និងដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ វិស័យអង្ករនាំចេញទៅក្រៅប្រទេសរបស់ប្រទេសថៃ ក៏កំពុងស្ថិតក្នុងសភាពគួរឱ្យព្រួយបារម្ភផងដែរ ដោយសារការនាំចេញនៅឆ្នាំ២០២៦នេះ ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះមកនៅត្រឹម៧,០៣លានតោនប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕



