
រដ្ឋធានីណៃពិដោ៖ នៅថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៦នេះ មេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ លោក សេកសាន កាន់តា (Seksan Kanta) បានធ្វើដំណើរទៅកាន់រដ្ឋធានីណៃពិដោរ ដើម្បីជួបពិភាក្សាការងារជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ខណៈជំនួបនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយរបបសឹកភូមា ទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលយ៉ាងសាហាវព្រៃផ្សៃ...។

សូមជម្រាបថា ដំណើរទស្សនកិច្ចមេទ័ពអាកាសថៃទៅជួបលោក មីន អ៊ុងឡាំង កើតឡើងត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំងរបស់របបសឹកភូមា ខ្ជាក់ទម្លាក់គ្រាប់បែកយ៉ាងសាហាវទៅលើផ្សារមួយក្នុងរដ្ឋរ៉ាឃីន (Rakhine) ផ្ដាច់ជីវិតជនស៊ីវិលដល់ទៅ១៨នាក់ ភាគច្រើនជាស្ត្រី និងកុមារ។ ក្រៅពីនេះ ការវាយប្រហារតាមអាកាសក្នុងតំបន់សាហ្គាំង (Sagaing) កាលពីប៉ុន្មានថ្ងៃមុន ក៏បានសម្លាប់មនុស្ស៩នាក់ទៀត ក្នុងនោះ មានកុមារអាយុក្រោម៥ឆ្នាំម្នាក់ផងដែរ។

យោងតាមទ័ពអាកាសថៃ គោលបំណងនៃជំនួបនេះគឺ៖ ពង្រឹងចំណងមិត្តភាព បង្កើនទំនុកចិត្តរវាងកងទ័ពអាកាសនៃប្រទេសទាំង២, បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ដោយជំរុញការហ្វឹកហ្វឺនរួមគ្នា និងការអភិវឌ្ឍធនធានមនុស្ស, និងជំរុញស្ថិរភាពព្រំដែន តាមរយៈបង្កើនការសម្របសម្រួលរវាងមេបញ្ជាការ ដើម្បីត្រៀមលក្ខណៈ និងការពារសន្តិសុខតាមបណ្តោយព្រំដែនថៃ-ភូមា។ ឆ្លៀតក្នុងជំនួបនោះ មេដឹកនាំរបបសឹកភូមា អះអាងថា៖«ការបោះឆ្នោតកាលពីចុងឆ្នាំមុន គឺជាជោគជ័យដ៏ធំធេងរបស់មីយ៉ាន់ម៉ា ព្រោះប្រជាជនចូលរួមបោះឆ្នោតដោយស្ម័គ្រចិត្ត ដោយគ្មានការតវ៉ាអ្វីឡើយ ទោះបីមានការរាយការណ៍ផ្ទុយពីនេះ ពីមជ្ឈដ្ឋានខាងក្រៅក៏ដោយ»៕





