
ក្រុងសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យមានការយោគយល់ និងការសហការពីសាធារណជន ក្នុងការសាកសួរ និងត្រួតពិនិត្យការស្លៀកពាក់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ការផលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌ។ នេះបើតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី៩មីនា ឆ្នាំ២០២៦។

យោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញការគាំទ្រចំពោះ សកម្មភាពនានា ដែលបង្ហាញពីការគោរពស្រឡាញ់ដល់បេតិកភណ្ឌវប្បធម៌ និងប្រពៃណីជាតិ ទាំងសកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្ដែង ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិ និងរួមចំណែកជាមួយក្រសួងក៏ដូចជាអាជ្ញាធរ។ យ៉ាងណា មួយរយៈកន្លងមក អាជ្ញាធរជាតិអប្សរា សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តយ៉ាងល្អប្រសើរក្នុងស្មារតីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ប៉ុន្តែជាមួយគ្នានោះ ក៏បានកត់សម្គាល់ឃើញផងដែរ នៅចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិដ៏ល្អផូរផង់របស់យើង។

ករណីនេះ អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ ប្រកាសថា អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ, ការថតសម្ដែង, ការស្លៀកសម្លៀកបំពាក់ខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ, ការដើរបង្ហាញម៉ូត, ការបញ្ចេញសកម្មភាពឆ្គាំឆ្គង និងមិនសមស្រប, ការថតផ្សាយផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ, និងការថតដែលអាចរំខានដល់ការទស្សនារបស់ភ្ញៀវជាតិ-អន្តរជាតិជាដើម។ ដូចនេះ អាជ្ញាធរ ស្នើសុំសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់ យោគយល់ចំពោះការបំពេញកាតព្វកិច្ចនេះ និងចូលរួមសហការក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ។ ជាមួយគ្នា អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ម្ចាស់គណនី ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ លុបចេញនូវវីដេអូនានា ដើម្បីរក្សាបរិយាកាសសង្គម ប្រកបដោយសាមគ្គីភាពជាតិតែមួយ។

ជាការកត់សម្គាល់ ការអំពាវនាវរបស់អាជ្ញាធរអប្សរា ធ្វើឡើងក្រោយមានម្ចាស់គណនីហ្វេសប៊ុកមួយ កាលពីថ្ងៃទី៨មីនា ឆ្នាំ២០២៦ បានចេញវីដេអូ បង្ហាញពីការមិនពេញចិត្តទៅលើមន្រ្តីអាជ្ញាធរអប្សរា ដែលមិនអនុញ្ញាតឱ្យចូលថតរូប ស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងរមណីយដ្ឋានអង្គរ។ ម្ចាស់គណនីហ្វេសប៊ុករូបនោះ ចាត់ទុកទង្វើរបស់អាជ្ញាធរ មានការតឹងរឹងហួស ព្រមទាំងមិនឱ្យតម្លៃខ្លួនជាដើម៕



