ត្រាំ-ពូទីន ទូរសព្ទរកគ្នា ទាមទារទៅវិញទៅមកឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ផ្តើមឡើងដោយរុស្ស៊ី និងសង្គ្រាមនៅអ៊ីរ៉ង់បង្កដោយអាម៉េរិក
N
Nary Vann
3 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជជែកគ្នាតាមទូរសព្ទជាលើកដំបូងក្នុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងលទ្ធភាពនៃសន្តិភាពនៅអ៊ុយក្រែន។

កិច្ចសន្ទនានេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន បានព្រមានថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ ដែលអាចវាយប្រហារសេដ្ឋកិច្ចសកលឱ្យដួលរលំ។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ត្រាំ ជាអ្នកតេទៅលោក ពូទីន មុន ដើម្បីពិភាក្សាពីគំនិតរបស់រុស្ស៊ីក្នុងការបញ្ចប់ជម្លោះនៅអ៊ីរ៉ង់ឱ្យបានឆាប់រហ័ស។ វាគឺជាការចរចាបែបឌឺដង និងដោះដូរ រវាងមេដឹកនាំទាំងពីរ។ ម្ខាងគឺលោក ត្រាំ ដែលជាអ្នកបញ្ជាឱ្យវាយអ៊ីរ៉ង់ បានព្យាយាមរុញកំហុសទៅឱ្យលោក ពូទីន វិញ ដោយទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាមុនសិន ទើបអាចនិយាយគ្នាបានរលូន។ ក្នុងសន្និសីទសារព័ត៌មាននៅក្លឹបវាយកូនហ្គោលក្នុងរដ្ឋផ្លរីដា លោក ត្រាំ បានលើកឡើងថា៖«បើលោក ពូទីន ចង់ជួយមែន លោកគួរតែបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឱ្យបានឆាប់រហ័សសិនទៅ នោះទើបជាការជួយដ៏ពិតប្រាកដ»

ចំណែកលោក ពូទីន ដែលជាអ្នកផ្ដើមសង្គ្រាមនៅអ៊ុយក្រែន បែរជាមកសម្ដែងការបារម្ភពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ដែលអាម៉េរិកបង្កឡើងទៅវិញ។ ក្នុងឱកាសនោះ លោក ពូទីន ក៏បានឆ្លៀតឱកាសអូសទាញអតិថិជនអឺរ៉ុបមកវិញ ដោយប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ប្រេង និងហ្គាសឡើងវិញ ប្រសិនបើអឺរ៉ុបចង់ងាកមកសហការរយៈពេលវែងដូចដើម។ ជំនួបតាមទូរសព្ទនេះបង្ហាញថា មហាអំណាចទាំងពីរដឹងច្បាស់ថា សង្គ្រាមទាំងពីរនេះកំពុងធ្វើឱ្យពិភពលោកខ្ទេចខ្ទាំ ប៉ុន្តែគ្មានភាគីណាមួយព្រមចុះចាញ់មុននោះទេ បើមិនមានការដោះដូរផលប្រយោជន៍ដែលសមស្រប៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត