
រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារទី១០ ខែមីនានេះ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានា ជំរុញឱ្យបុគ្គលិករបស់ខ្លួន ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការធ្វើដំណើរ និងសន្សំសំចៃប្រេងឥន្ធនៈ បន្ទាប់ពីតម្លៃប្រេងនៅក្នុងប្រទេស បានហក់ឡើងយ៉ាងគំហុគ...។

វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសរងគ្រោះខ្លាំងជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែការរំខានដល់ការផ្គត់ផ្គង់ថាមពលពីមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់បានផ្ទុះឡើង។ យោងតាមទិន្នន័យពីក្រុមហ៊ុន Petrolimex តម្លៃសាំងបានកើនឡើង៣២ភាគរយ តម្លៃម៉ាស៊ូតឡើង៥៦ភាគរយ និងប្រេងកាត (Kerosene) ឡើងខ្ពស់រហូតដល់៨០ភាគរយ បើធៀបនឹងចុងខែមុន។

នៅរដ្ឋធានីហាណូយ គេឃើញមានរថយន្ត និងម៉ូតូជាច្រើន តម្រង់ជួរគ្នាយ៉ាងវែងនៅតាមស្ថានីយប្រេងឥន្ធនៈ ដើម្បីរង់ចាំចាក់សាំង។ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីងជីញ បានធ្វើការហៅទូរសព្ទជាបន្ទាន់ទៅកាន់មេដឹកនាំប្រទេសគុយវ៉ែត កាតា និងអារ៉ាប់រួម (UAE) ដើម្បីស្វែងរកការធានាលើការផ្គត់ផ្គង់ប្រេងឆៅ។ ទន្ទឹមនោះ វៀតណាម បានសម្រេចលុបចោលពន្ធនាំចូលប្រេងទាំងអស់ ចាប់ពីសប្តាហ៍នេះ រហូតដល់ដាច់ខែមេសា ដើម្បីកាត់បន្ថយសម្ពាធតម្លៃសម្រាប់ពលរដ្ឋ៕




