វិបត្តិប្រេងអាស៊ាន! វៀតណាមត្រៀមទម្លាក់ពន្ធមកសូន្យភាគរយ ហ្វីលីពីនកាត់បន្ថយថ្ងៃធ្វើការ មីយ៉ាន់ម៉ាចេញច្បាប់ថ្មី ខណៈតម្លៃប្រេងនៅកម្ពុជាហក់ឡើងខ្ពស់
ហៀប ស៊ីថេត
2 ម៉ោងមុន

អាស៊ាន៖ ប្រទេសវៀតណាម កំពុងពិចារណាលើផែនការលុបចោលពន្ធនៃការនាំចូលប្រេងឥន្ធនៈ ខណៈប្រតិបត្តិការសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងរុញច្រានតម្លៃឱ្យឡើងខ្ពស់កប់ពពកចាប់តាំងពីឆ្នាំ២០២២មក។ ទន្ទឹមនោះ ហ្វីលីពីនក៏បានប្រកាសពីការកាត់បន្ថយថ្ងៃធ្វើការមន្ត្រីរដ្ឋការសាធារណៈ ខណៈមីយ៉ាន់ម៉ាកំណត់ច្បាប់ថ្មី ស្របពេលតម្លៃប្រេងនៅប្រទេសកម្ពុជាហក់ឡើងខ្ពស់...។

ក្រសួងហិរញ្ញវត្ថុវៀតណាម បានអះអាងនៅទី៩ ខែមីនា ឆ្នាំ២០២៦នេះថា រដ្ឋធានីហាណូយ បានព្រាងក្រឹត្យមួយដែលនឹងកាត់បន្ថយអត្រាពន្ធនាំចូលមកត្រឹមសូន្យភាគរយ (០%) លើផលិតផលប្រេងមួយចំនួន ដើម្បីជួយរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងធានាសន្តិសុខថាមពលជាតិ។ សេចក្តីថ្លែងការណ៍បានបន្តថា៖«ប្រសិនបើជម្លោះនៅតែបន្ត ហើយការបិទខ្ទប់ច្រកសមុទ្ទហ័រមូស្សនៅតែមាន នោះការផ្គត់ផ្គង់ប្រេងជំនួសនៅលើទីផ្សារអន្តរជាតិ នឹងក្លាយទៅជារឿងពិបាក ហើយប្រឈមនឹងការធ្វើឱ្យតម្លៃកាន់តែឡើងខ្ពស់»។ មែនទែនទៅ ច្រកសមុទ្ទនេះ គឺជាផ្លូវទឹកឆ្លងកាត់ ដែលនាវាដឹកប្រេងឆៅចំនួន១ភាគ៥ ឬស្មើ២០ភាគរយរបស់ពិភពលោក។

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ការវាយប្រហារពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល សង្គ្រុបលើប្រទេសអ៊ីរ៉ង់ ធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាម និងប្រទេសផ្សេងទៀតរួមទាំងកម្ពុជាផង បានហក់ឡើងយ៉ាងគំហុក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា តម្លៃប្រេងសាំងបានកើនឡើង២១ភាគរយ ស្មើនឹង១,០៣ដុល្លារអាម៉េរិកក្នុងមួយលីត្រ ជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។ យោងតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុ ក្រឹត្យពន្ធនេះ នឹងមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែមេសា។ សូមជម្រាបថា វិបត្តិនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២។

ដោយឡែក តម្លៃលក់រាយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦គឺ៖ ប្រេងសាំងធម្មតាមានតម្លៃ៤៤០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ៥១៥០រៀលក្នុង១លីត្រ។ ចំណែកនៅឯប្រទេសហ្វីលីពីនឯណោះវិញ ប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) បានបញ្ជាឱ្យអនុវត្តជាបណ្តោះអាសន្ននូវផែនការ ធ្វើការ៤ថ្ងៃក្នុងមួយសប្តាហ៍ នៅតាមការិយាល័យរដ្ឋាភិបាលមួយចំនួន ចាប់ពីថ្ងៃទី៩ ខែមីនានេះតទៅ ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិថាមពល ដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ សូមរំឭកថា មេដឹកនាំរបបសឹកភូមា ក៏បានប្រកាសដាក់ចេញនូវប្រព័ន្ធបែងចែកកូតាប្រេងឥន្ធនៈ យ៉ាងតឹងរ៉ឹង ដោយកំណត់យានយន្តស្លាកលេខគូ បើកថ្ងៃ«គូ» និងស្លាកលេខសេស បើកថ្ងៃ«សេស» ចំណែកយានយន្តអគ្គិសនី(ឬEV) ត្រូវបានលើកលែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត