
រដ្ឋធានីវ៉ាស៊ីនតោន៖ ក្នុងកិច្ចសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មាន The Times of Israel ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា រាល់ការសម្រេចចិត្ត ថាពេលណាត្រូវបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងក្រោមការព្រមព្រៀងរួមគ្នារវាងលោក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន នេតាន់យ៉ាហ៊ូ...។

លោក ត្រាំ បានអះអាងដោយមោទនភាពថា ប្រសិនបើគ្មានរូបលោក និងលោក នេតាន់យ៉ាហ៊ូ ទេនោះ អ៊ីរ៉ង់ច្បាស់ជាបានកម្ទេចអ៊ីស្រាអែល និងអ្វីៗ គ្រប់យ៉ាងដែលនៅជុំវិញនោះបាត់ទៅហើយ។ លោកបានបញ្ជាក់ថា៖«យើងបានធ្វើការជាមួយគ្នា..! យើងបានកម្ទេចប្រទេសមួយ ដែលចង់កម្ទេចអ៊ីស្រាអែល»។ ទោះបីជាលោក ត្រាំ ប្រើពាក្យថា ជាការសម្រេចចិត្តរួមគ្នាក៏ដោយ ប៉ុន្តែលោកបង្ហើបថា លោកនឹងនៅតែជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយនៅពេលដ៏សមស្របណាមួយ ដោយមានការចូលរួមពីលោក នេតាន់យ៉ាហ៊ូ។

ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ បានព្យាយាមមិនកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ ចំពោះការបិទបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខារ៉ូឡាញ លីវីត បានបង្ហើបថា រដ្ឋធានីវ៉ាស៊ីនតោនរំពឹងថា ការវាយប្រហារនេះ នឹងអូសបន្លាយចន្លោះពី៤ទៅ៦សប្តាហ៍។ កិច្ចសម្ភាសធ្វើឡើងភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់ បានតែងតាំង លោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណី (Ayatollah Mojtaba Khamenei) កូនប្រុសលោក អាយ៉ាតូឡា អាលី ខាមេណី ត្រូវបានសម្លាប់ក្នុងយុទ្ធនាការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ជាមេដឹកនាំកំពូលថ្មី។ លោក ត្រាំ មិនបានផ្ដល់មតិអ្វីច្រើនទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា៖«ចាំមើលថា..តើនឹងមានអ្វីកើតឡើងបន្តទៀត..?»៕



