ត្រាំ ថាមិនខ្វល់អ្វីទាំងអស់ឱ្យតែអ៊ីរ៉ង់រលាយ ទោះប្រេងសាំងឡើងថ្លៃកប់ពពក
N
Nary Vann
5 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងខ្ពស់កប់ពពក ក្បែររបាំង១០០ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត៤ឆ្នាំមកនេះ។ ការហក់ឡើងយ៉ាងគំហុគ កើតឡើងដោយសារក្ដីបារម្ភថា សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យចង្វាក់ផ្គត់ផ្គង់ថាមពលសកល ត្រូវកាត់ផ្ដាច់ក្នុងរយៈពេលយូរ...។

យោងតាមទិន្នន័យទីផ្សារ តម្លៃប្រេងឆៅទាំងប្រភេទ WTI និង Brent បានហក់ឡើងជាង១៥ភាគរយ ភ្លាមៗនៅពេលបើកទីផ្សារនាព្រលប់ថ្ងៃអាទិត្យ ជាតម្លៃខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០២២ នៅពេលរុស្ស៊ីវាយលុកអ៊ុយក្រែន។ ចំណុចសំខាន់ៗដែលរុញច្រានតម្លៃប្រេងរួមមាន៖ ការបិទច្រកសមុទ្ទហ័រមូស្សទាំងស្រុង ដែលជាដង្ហើមសេដ្ឋកិច្ចដឹកជញ្ជូនប្រេង២០ភាគរយរបស់ពិភពលោក ចាប់តាំងពីសង្គ្រាមផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទន្ទឹមនោះ បណ្ដាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្ទ ចាប់ផ្ដើមកាត់បន្ថយបរិមាណផលិត ខណៈការវាយប្រហាររបស់អ៊ីស្រាអែលលើឃ្លាំងប្រេង ក្នុងរដ្ឋធានីតេហេរ៉ង់ ក៏បានបង្កឱ្យមានការភ័យខ្លាចពីការសងសឹកលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់។

ចំណែកទីផ្សារភាគហ៊ុន និងសេដ្ឋកិច្ចពិភពលោក កំពុងញ័ររន្ធត់ចំពោះការឡើងថ្លៃនេះ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាយល់ថា ការឡើងថ្លៃនេះ គ្រាន់តែជារឿងបណ្ដោះអាសន្ន និងជាថ្នូរដ៏តូចតាចបំផុត ដើម្បីដោះដូរនឹងការកម្ទេចចោលនូវការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងដើម្បីសន្តិភាពពិភពលោក។ លោកថ្លែងបន្ថែមដោយពាក្យឌឺដងថា៖«មានតែមនុស្សល្ងង់ទេ ទើបគិតផ្សេងពីនេះ!»

  លោក ដូណាល់ ត្រាំ
  លោក ដូណាល់ ត្រាំ

ទោះជាយ៉ាងណា ការឡើងថ្លៃប្រេងសាំងនៅតាមស្ថានីយក្នុងសហរដ្ឋអាម៉េរិក កំពុងក្លាយជាបញ្ហានយោបាយដ៏រសើបសម្រាប់រដ្ឋបាលលោក ត្រាំ មុនពេលការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់ក្នុងខែវិច្ឆិកាខាងមុខ ជាពិសេស នៅពេលដែលសង្គ្រាមមិនទាន់មានសញ្ញាថា នឹងថយចុះកម្ដៅនៅឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត