
ក្រុងច្បារមន៖ សង្ក្រាន្តឆ្នាំថ្មី ២០២៦ កៀកចូលមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿនប្រចាំឆ្នាំ នៅថ្ងៃទី៥ ខែមេសាខាងមុខ ដើម្បីលើកស្ទួយប្រពៃណីបន្សល់ពីដូនតាដោយរំពឹងថា សាធារណជនចូលរួមទស្សនាច្រើនកុះករ។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ...។

មន្ទីរវប្បធម៌ខេត្តអះអាងថា៖«ពិធីនេះ..ប្រារព្ធឡើងក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយ អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ»។ កម្មវិធីនេះនឹងរៀបចំឡើងក្រោមកិច្ចសហការពីភាគីពាក់ព័ន្ធរួមមាន រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន នៅថ្ងៃអាទិត្យទី៥ ខែមេសា វេលាម៉ោង៨ព្រឹក។

មន្ទីរវប្បធម៌ រំឭកថាតាមការសិក្សាអំពីប្រវត្តិនៃពិធី ដើមឡើយរទេះសាឡីគោត្រូវបានគេប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូន លោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ។ លុះចំណេរកាលក្រោយៗមកទៀតអ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់៕



