ចូលឆ្នាំថ្មីឆ្នាំនេះ ហាមលេងជះទឹកដាច់ខាត ខណៈស្ថាប័នជំនាញជំរុញឱ្យយកល្បែងប្រជាប្រិយជាតិជាគោល
S
Soriya Sou
10 មីនា 2026 03:30 AM

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំឱ្យអាជ្ញាធររៀបចំពិធីបុណ្យចូលឆ្នាំថ្មី ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិ និងហាមដាច់ខាតការលេងជះទឹក…។

តាមរយៈលិខិតដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី៩មីនាម្សិលមិញ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់គ្រប់ក្រសួងស្ថាប័ន ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា, ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា "ព្រះបរមរតនកោដ្ឋ និងព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកឱ្យបានសក្តិសម។ ជាងនេះទៅទៀត រដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំឱ្យប្រជាពលរដ្ឋ លើកទង់ជាតិឱ្យបានគ្រប់គេហដ្ឋាន និងត្រូវរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា៖ ចោលឈូង, បោះអង្គុញ, ទាញព្រ័ត្រ, ទាត់សី, លាក់កន្សែង, រាំកម្សាន្តតាមមណ្ឌលកម្សាន្ត តាមរមណីយដ្ឋាននានា ឬទីតាំងណាដែលសមគួរ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ក៏បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត ត្រូវតែជៀសវាង និងទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាសចាកនឹងច្បាប់ ខុសប្រពៃណីជាតិ ដូចជា៖ ល្បែងស៊ីសង ល្បែងជះទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ល។ ដោយឡែក ក្រសួងធម្មការ និងសាសនា ត្រូវ​រំឭកគ្រប់វត្តអារាមសម្អាត និងតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកឱ្យបានសមរម្យ និងសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ រៀបចំពិធីបុណ្យសាសនាតាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណី។

ចំណែក ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំអង្គភាពក្រោមឱវាទឱ្យសហការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ធានាបានសុវត្ថិភាពមុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ នៅតាមវត្តអារាម មណ្ឌលកម្សាន្ត រមណីយដ្ឋាននានាក្នុងរាជធានី និងគ្រប់ខេត្ត ព្រមទាំងត្រូវមានវិធានការទប់ស្កាត់ និងលុបបំបាត់នូវសកម្មភាពណាដែលល្មើសច្បាប់ ហើយប្រាសចាកប្រពៃណីទំនៀមទម្លាប់ជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត