
រាជធានីភ្នំពេញ៖ ក្នុងគោលដៅទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខែមេសានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា (គ.ស.ច.គ) បានអំពាវនាវដល់សាធារណជន បញ្ឈប់សកម្មភាពគប់ទឹក ឬប៉ាតម្សៅ លើអ្នកដំណើរតាមដងផ្លូវ និងចូលរួមអនុវត្តវិធានការចាំបាច់មួយចំនួនទៀត…។

តាមសេចក្តីជូនដំណឹងចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ គ.ស.ច.គ. បានកត់សំគាល់ថា អំឡុងពេលពិធីបុណ្យនានា ការធ្វើចរាចរតែងមានភាពមមាញឹក និងកើនឡើងខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ហេតុនេះ...ដើម្បីបង្ការ និងទប់ស្កាត់ហេតុការណ៍ទាំងនោះ គណៈកម្មាធិការសូមក្រើនរំឭកពីវិធានការមួយចំនួនដល់សាធារណជនអនុវត្ត។ វិធានការទាំងនោះរួមមាន៖ កុំបើកបរលើសល្បឿនកំណត់, កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន, កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់, មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ, មិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។

ផ្ទុយមកវិញត្រូវចូលរួមអនុវត្ត ការបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូតមុនចេញដំណើរ, ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ, ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ស្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

ទន្ទឹមនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហាមដាច់ខាតចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល។ ម៉្យាងទៀត ក៏មិនត្រូវដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសានេះដែរ។ សូមរំឭកថា តាមរបាយការណ៍រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦មេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៦៤ករណី ស្លាប់មនុស្សចំនួន៣៧នាក់ ខណៈមនុស្ស៨៨នាក់ផ្សេងទៀតបានរងរបួស៕




