
រាជធានីភ្នំពេញ៖ ក្នុងគោលដៅអភិរក្ស លើកកម្ពស់វប្បធម៌ ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ ក្រសួងសួងអប់រំ យុវជន និងកីឡា ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន រៀបចំឱ្យសិស្សានុសិស្ស លេងល្បែង និងរបាំប្រជាប្រិយខ្មែរ អំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។ ក្រសួងប្រាប់ឱ្យគ្រប់គ្រឹះស្ថានសិក្សា ត្រូវបង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង របាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ របាំទាំងនោះ រួមមាន របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ រីឯល្បែងប្រជាប្រិយខ្មែរ វិញមានដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម ។ល។

ក្រៅពីនោះ លោកគ្រូ-អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវជួយជំរុញលើកទឹកចិត្ត សម្របសម្រួល ឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង របាំប្រជាប្រិយខ្មែរទាំងឡាយនោះប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ដោយឡែកតាមគ្រឹះស្ថានសិក្សាទាំងអស់ត្រូវហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ។ ដ្បិតល្បែងមួយចំនួនប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា៖ ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។ ទន្ទឹមគ្នានោះតាមគ្រឹះស្ថានសិក្សាសា ត្រូវសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មាន ហើយរួមគ្នាទប់ស្កាត់ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលាក្នុងករណីមានបាតុភាពផ្សេងៗ៕






