រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អាជ្ញាធរតាមព្រំដែនកុំឱ្យបរទេសចេញចូលខុសច្បាប់អំឡុងពេលចូលឆ្នាំខ្មែរ
Mao Sopha
27 មីនា 2025 12:00 PM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរជាប់ព្រំដែន ត្រូវទប់ស្កាត់ជនអន្ដោប្រវេសន៍បរទេសកុំឱ្យចេញ-ចូលកម្ពុជាដោយខុសច្បាប់ នាអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ។ ការណែនាំរបស់លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។  

ចំពោះពលករខ្មែរវិញ លោក ស សុខា កត់សម្គាល់ឃើញថា នៅពេលរដូវបុណ្យទាន មានអ្នកខ្លះ ត្រឡប់ចូលស្រុកដោយមិនមានឯកសារគ្រប់គ្រាន់ ដូច្នេះ លោកលើកទឹកចិត្តអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ជាពិសេសតាមព្រំដែនថៃ ដែលមានពលករខ្មែរចេញ-ចូលច្រើនជាងគេ ឱ្យគ្រប់គ្រងការចេញ-ចូលរបស់ពួកគាត់ឱ្យបានត្រឹមត្រូវតាមច្បាប់។ ជាមួយគ្នានេះ លោក ណែនាំអាជ្ញាធរឱ្យតាមដានសភាពការណ៍តាំងពីភូមិ-ឃុំ-សង្កាត់ រហូតដល់ការឆ្លងកាត់ព្រំដែនទាំង៣ផ្លូវ គឺផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់អាជ្ញាធរទៀតថា ត្រូវប៉ាន់ប្រមាណអំពីគោលដៅនៃការប្រពឹត្តបទល្មើសឱ្យបានជាក់លាក់ ដើម្បីទប់ស្កាត់ការរងគ្រោះដោយសារបទល្មើសទាំងនោះ ឱ្យបានទាន់ពេលវេលា។ លោក ថែមទាំងជំរុញអាជ្ញាធរពាក់ព័ន្ធ ឱ្យបន្តពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង ក្នុងការបង្ការ បង្ក្រាប និងផ្តន្ទាទោសជនល្មើស ហើយសង្គ្រោះការពារជនរងគ្រោះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត