
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទទី៩មីនា(ម៉ោងនៅអាម៉េរិក) បានអះអាងថា សង្គ្រាមអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ ប៉ុន្តែលោកនៅតែមិនទាន់បញ្ជាក់ច្បាស់លាស់ អំពីកាលវិភាគសម្រាប់បញ្ចប់ការវាយប្រហារ ដែលបានធ្វើឱ្យតំបន់មជ្ឈិមបូព៌ារង្គោះរង្គើ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកនៅឡើយទេ...។

លោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍ CBS News ថា ការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែល ជិតបិទបញ្ចប់ទាំងស្រុងហើយ។ នៅពេលសួរថា តើលោកគិតថា សង្គ្រាមអាចបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍...? លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅក្លឹបវាយកូនហ្គោលដូរ៉ាល់ណេសិនណល (Doral National) របស់លោកថា៖«ខ្ញុំគិតថាឆាប់ៗ..! ឆាប់បំផុត[..]អ្វីគ្រប់យ៉ាងដែលពួកគេមាន គឺបាត់បង់អស់ហើយ រួមទាំងថ្នាក់ដឹកនាំរបស់ពួកគេផងដែរ»។ ចៅហ្វាយសេតវិមានរូបនេះន្ថែមថា សហរដ្ឋអាម៉េរិកកំពុងកំណត់គោលដៅសំខាន់បំផុតមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់ការវាយប្រហារនៅពេលក្រោយ ប្រសិនបើចាំបាច់ រួមទាំងបណ្តាញអគ្គិសនីរបស់ប្រទេសនេះផងដែរ។

មេដឹកនាំអាម៉េរិករូបនេះ ក៏បានគំរាមវាយប្រហារក្នុងទំហំទ្រង់ទ្រាយធំ ដែលមិនអាចគណនាបាន ប្រសិនបើរដ្ឋធានីតេហេរ៉ង់រារាំងការផ្គត់ផ្គង់ប្រេងឆ្លងកាត់ច្រកសមុទ្ទហ័រមូស្ស ខណៈតម្លៃប្រេងឆៅកំពុងហក់ឡើងថ្លៃខ្លាំង ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖«[..]ប្រសិនបើអ៊ីរ៉ង់ហ៊ានធ្វើរឿងបែបហ្នឹង(បិទច្រកសមុទ្ទដឹកជញ្ជូនប្រេង) ពួកគេនឹងត្រូវរងការវាយប្រហារខ្លាំងជាងមុនរាប់សិបដង។ យើងនឹងវាយពួកគេឱ្យចាស់ដៃបំផុត រហូតដល់ពួកគេ ឬនរណាដែលហ៊ានមកជួយពួកគេ មិនអាចងើបមុខរួច ឬស្ដារតំបន់នោះឡើងវិញបានឡើយ ប្រសិនបើពួកគេនៅតែមានះ ធ្វើរឿងហ្នឹងមែន!»។

នៅពេលអ្នកសារព័ត៌មានសួរបន្តថា តើមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី លោក ម៉ុចតាបា ខាមេណី ជាគោលដៅនៃការវាយប្រហារដែរឬទេ..? លោក ត្រាំ ថា ការតែងតាំងលោក ម៉ុចតាបា គឺមិនល្អទេ! មែនទែនទៅ លោក បានខកចិត្តជាខ្លាំង ដែលអ៊ីរ៉ង់តែងតាំងលោក ម៉ុចតាបា ឱ្យបន្តតំណែងពីឪពុករបស់លោក គឺ(អាយ៉ាតូឡាហ៍ អាលី ខាមីណី) ក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេសនេះ។ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពេលនេះ លោក ត្រាំ បានសង្កត់ធ្ងន់ភ្លាមៗថា៖«យើងក៏កំពុងលើកលែងទណ្ឌកម្មពាក់ព័ន្ធនឹងប្រេងមួយចំនួន ដើម្បីកាត់បន្ថយតម្លៃ។ យើងនឹងដកទណ្ឌកម្មទាំងនោះចេញ រហូតដល់ស្ថានភាពនេះមានភាពរលូនធម្មតាវិញ»។

ចំណែក ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសថា បារាំងកំពុងបញ្ជូនកងទ័ពជើងទឹកដែលមិនធ្លាប់មានពីមុន ដើម្បីបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ។ ទន្ទឹមនឹងនោះ លោក ពូទីន ចង់ឃើញដំណោះស្រាយនយោបាយ និងការទូតឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ រីឯ ចក្រភពអង់គ្លេស បានចាប់ផ្តើមប្រតិបត្តិការតាមអាកាសនៅពីលើប្រទេសអារ៉ាប់រួម ហើយប្រើយន្តហោះចម្បាំងបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់ នៅក្នុងតំបន់នោះ។ ក្រៅពីនេះ អារ៉ាប៊ីសាអូឌីត កាតា អ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប់រួម បានកាត់បន្ថយការផលិតប្រេង ដោយសារធុងស្តុកក្នុងស្រុកពេញ ដោយមិនទាន់អាចចរាចរបាននៅឡើយ៕




