អ៊ីស្រាអែល ចុចកណ្តឹងប្រកាសអាសន្ន ក្រោយកូនប្រុសលោក ខាមេណី ឡើងកាន់អំណាចបន្តពីឪពុក
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីតេហេរ៉ង់៖ ក្នុងវិធានការដ៏គួរឱ្យភ្ញាក់ផ្អើល និងជាការឌឺដងទៅកាន់មហាអំណាចខាងលិច ក្រុមបព្វជិតជាន់ខ្ពស់របស់អ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមីនា បានសម្រេចតែងតាំងលោក អាយ៉ាតូឡា ម៉ូចតាបា ខាមេណី (Ayatollah Mojtaba Khamenei) ជាកូនប្រុសរបស់មេដឹកនាំដែលត្រូវគេធ្វើឃាត ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីរបស់ប្រទេស...។

លោក អាលី ខាមេណេ (ឪពុក), លោក ម៉ូចតាបា (កូន)
លោក អាលី ខាមេណេ (ឪពុក), លោក ម៉ូចតាបា (កូន)

ការសម្រេចចិត្តនេះធ្វើឡើងតែ៩ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក អាយ៉ាតូឡា អាលី ខាមេណី ត្រូវបានសម្លាប់ក្នុងយុទ្ធនាការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ បានបញ្ជាក់ថា ក្រុមប្រឹក្សាអ្នកជំនាញចំនួន៨៨រូប បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើស លោក ម៉ូចតាបា វ័យ៥៦ឆ្នាំ ឱ្យក្លាយជាមេដឹកនាំទី៣ នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដោយមិនមានការស្ទាក់ស្ទើរឡើយ បើទោះបីជាស្ថិតក្រោមការឈ្លានពានដ៏សាហាវពីសហរដ្ឋអាម៉េរិក និងរបបស៊ីយ៉ូនីសក៏ដោយ។

លោក ម៉ូចតាបា ត្រូវបានគេស្គាល់ថា ជាអ្នកនិយមជ្រុលដូចឪពុករបស់លោកដែរ។ ការឡើងកាន់តំណែងនេះ បង្ហាញថា អ៊ីរ៉ង់នឹងបន្តគោលនយោបាយរឹងត្អឹង ប្រឆាំងនឹងការតវ៉ាក្នុងស្រុក និងបន្តការប្រឈមមុខដាក់គ្នាជាមួយសត្រូវខាងក្រៅ។ មុនពេលមានការប្រកាសជាផ្លូវការ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានផ្ញើសារព្រមានតាមរយៈ ABC News ថា លោកគួរតែមានសិទ្ធិសម្រេចក្នុងការជ្រើសរើសមេដឹកនាំថ្មីនេះ។ លោកបាននិយាយចំៗថា៖«បើគាត់មិនទទួលបានការយល់ព្រមពីយើងទេ គាត់នឹងមិនអាចរស់នៅបានយូរឡើយ»។ លើសពីនេះ កងទ័ពអ៊ីស្រាអែល ក៏បានបញ្ចេញសារព្រមានទុកជាមុនដែរថា ខ្លួននឹងមិនស្ទាក់ស្ទើរឡើយក្នុងកិច្ចប្រតិបត្តិការតាមប្រមាញ់ និងកម្ទេចមេដឹកនាំរូបណា ដែលមកបន្តវេនពីលោក អាលី ខាមេណី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត