
ក្រុងកំពង់ឆ្នាំង៖ ស្ត្រីទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩មីនានេះ បានអញ្ជើញចុះទៅខេត្តកំពង់ឆ្នាំង ប្រគល់ផ្ទះថ្មីដល់ក្រុមគ្រួសារវីរកងទ័ពពលី ក្នុងសង្រ្គោមថៃឈ្លានពាន ដែលជាអំណោយរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ទាល់…។

ស្ត្រីទី១នៃកម្ពុជា គូសបញ្ជាក់យ៉ាងដូច្នេះថា៖« ថ្ងៃនេះ[..]នាងខ្ញុំ បានមកប្រគល់ផ្ទះថ្មី ដែលជាអំណោយរបស់សម្តេចធិបតី និងរូបនាងខ្ញុំផ្ទាល់ ដោយភ្ជាប់ជាមួយនូវថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលបានពលីក្នុងបុព្វហេតុការពារទឹកដីនៃយើង។ ក្រុមគ្រួសាររបស់វីរកងទ័ពនៅខេត្តកំពង់ឆ្នាំង»។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសរំលេចបន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយកត្តាជីវភាពគ្រួសារ ក៏ដូចជារៀបចំគម្រោងសម្រាប់ទ្រទ្រង់ដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដោយធានាដល់ការប្រកបរបរប្រចាំថ្ងៃ ការសិក្សារៀនសូត្ររបស់កូនៗ និងការធានាសុខុមាលភាពគ្រួសារផងដែរ៕





