អ៊ីស្រាអែលប្រើ«ផូស្វ័រពណ៌ស»បា.ញ់.ប្រ.ហារលើលីបង់ រំឭកដល់យោធាថៃធ្លាប់ប្រើមកឈ្លានពានទឹកដីកម្ពុជា
ហៀប ស៊ីថេត
2 ម៉ោងមុន

រដ្ឋធានីបេរូត៖ នៅថ្ងៃចន្ទទី៩ ខែមីនានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានចោទប្រកាន់អ៊ីស្រាអែល ថា បានប្រើប្រាស់សារធាតុ«ផូស្វ័រពណ៌-ស» ដោយខុសច្បាប់ វាយប្រហារលើតំបន់លំនៅឋានប្រជាជនស៊ីវិល នៃទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។ វាក៏បានរំឭកយើងផងដែរ ឱ្យនឹកឃើញដល់សកម្មភាពឈ្លានពានដ៏សាហាវឃោរឃៅរបស់កងទ័ពថៃ ដែលធ្លាប់បានប្រើប្រាស់អាវុធគីមីប្រភេទនេះមកលើកងទ័ព និងប្រជាជនស្លូតត្រង់កម្ពុជា កំលុងបើកការឈ្លានពាន កាលពីខែធ្នូ ចុងឆ្នាំ២០២៥...។

HRW មានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងក្នុងរបាយការណ៍មួយថា៖«កងទ័ពអ៊ីស្រាអែល បានប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌-ស បាញ់ចេញពីកាំភ្លើងធំដោយខុសច្បាប់ សំដៅលើផ្ទះសម្បែងប្រជាជនស៊ីវិលក្នុងទីក្រុងយ៉ូហ៍ម័រ (Yohmor) ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦»។ HRW បន្ថែមថា ខ្លួនបានផ្ទៀងផ្ទាត់ និងកំណត់ទីតាំងរូបភាពចំនួន៧សន្លឹក បង្ហាញពីការប្រើប្រាស់គ្រាប់បែកផូស្វ័រពណ៌-ស បាញ់ផ្ទុះលើអាកាសនៅតំបន់លំនៅឋាននៃទីក្រុង ហើយបុគ្គលិកការពារស៊ីវិល បានឆ្លើយតបនឹងការឆាបឆេះផ្ទះយ៉ាងហោចណាស់២ខ្នង និងរថយន្ត១គ្រឿង នៅក្នុងតំបន់នោះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ផូស្វ័រពណ៌-ស គឺជាសារធាតុដែលងាយឆេះភ្លាមៗនៅពេលប៉ះជាមួយអុកស៊ីហ្សែន ដែលអាចប្រើជាអាវុធដុតកម្ដៅបង្កជាអគ្គិភ័យ នាំឱ្យប៉ះពាល់ផ្លូវដង្ហើម រលាកសួត ខូចសរីរាង្គ និងអាចបណ្ដាលឱ្យស្លាប់បាន។ សូមជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហារជាច្រើនលើក ពេញផ្ទៃប្រទេសលីបង់ ចាប់តាំងពីសប្តាហ៍មុន។ អាជ្ញាធរលីបង់អះអាងថា មនុស្សយ៉ាងហោចណាស់៣៩៤នាក់ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែល និងបានធ្វើឱ្យមនុស្សជាងកន្លះលាននាក់ភៀសខ្លួន និងផ្លាស់ទីលំនៅ។

អ្នកជំនាញសិទ្ធិមនុស្សប្រចាំ HRW ថ្លែងថា៖«ការប្រើប្រាស់ផូស្វ័រពណ៌-ស ដោយខុសច្បាប់របស់កងទ័ពអ៊ីស្រាអែល លើតំបន់លំនៅឋានប្រជាជនលីបង់ គឺជាបញ្ហាគួរឱ្យព្រួយបារម្ភបំផុត ហើយនឹងមានវិបត្តិកាចសាហាវសម្រាប់ជនស៊ីវិល។ អ៊ីស្រាអែលគួរតែបញ្ឈប់ការអនុវត្តនេះជាបន្ទាន់ ហើយបណ្តាប្រទេសដែលផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល រួមទាំងគ្រាប់បែកផូស្វ័រពណ៌-ស គួរតែផ្អាកជំនួយយោធា និងការលក់អាវុធជាបន្ទាន់ ហើយជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់គ្រាប់បែកប្រភេទនេះ នៅក្នុងតំបន់លំនៅឋានប្រជាជនស៊ីវិល»។ អាជ្ញាធរលីបង់ និង HRW បានចោទប្រកាន់អ៊ីស្រាអែលម្ដងហើយម្ដងទៀត អំពីការប្រើប្រាស់គ្រាប់ផូស្វ័រពណ៌-សនេះថា បានធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិល និងបរិស្ថាន។

ជុំវិញការថ្កោលទោសរបស់ HRW លើអ៊ីស្រាអែល ដែលបានប្រើប្រាស់អាវុធផូស្វ័រពណ៌-ស លើភូមិឋានប្រជាជនលីបង់យ៉ាងអយុត្តិធម៌ និងខុសច្បាប់នេះ បានធ្វើឱ្យប្រជាជនកម្ពុជានឹកឃើញឡើងវិញ នូវសកម្មភាពឈ្លានពានដ៏កាចសាហាវឃោរឃៅ ព្រៃផ្សៃ និងយង់ឃ្នងបំផុតរបស់យោធាថៃ ដែលធ្លាប់បានប្រើប្រាស់អាវុធគីមីប្រភេទនេះ មកវាយប្រហារឈ្លានពានលើកងទ័ព និងប្រជាជនស៊ីវិលកម្ពុជា។ ដូច្នេះ អាវុធឃោរឃៅបែបនេះ មិនគួរត្រូវបានលើកលែងឱ្យឡើយ ទោះក្នុងសមរភូមិណាក៏ដោយ ហើយអ្នកដែលធ្លាប់ប្រើវាមកលើប្រទេសជិតខាងខ្លួនឯង គួរតែទទួលរងនូវការថ្កោលទោសដូចគ្នា ដូចជា យោធាថៃឈ្លានពានជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត