កម្ពុជា ស្នើកូរ៉េខាងត្យូងពិនិត្យលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីយោធាថៃ ប្រើយន្តហោះចម្បាំង ចូលមកទម្លាក់គ្រាប់លើដីកម្ពុជា ច្រើនលើកច្រើនសា ក្នុងសង្គ្រាមកាលពីខែកក្កដា និងធ្នូ ឆ្នាំ២០២៥ លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានស្នើទៅរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ឱ្យពិនិត្យឡើងវិញ លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងបង្ការការប្រើប្រាស់អាវុធ ក្នុងសកម្មភាពឈ្លានពាន...។

លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា។ រូបភាព៖ រដ្ឋសភា  
លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា។ រូបភាព៖ រដ្ឋសភា  

ការស្នើរបស់ លោក ជាម យៀប ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក យ៉ូន ហូដុក (Yoon HuDuk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩មីនា​ ឆ្នាំ២០២៦។ លោក ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃ។ លោកសង្កត់ធ្ងន់ថា៖«កម្ពុជាបដិសេធដាច់អហង្កា ចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីកម្ពុជា»។ ក្នុងន័យនេះ លោកក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េ ពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះ ក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។

លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ រូបភាព៖ រដ្ឋសភា  
លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា។ រូបភាព៖ រដ្ឋសភា  

ជាមួយគ្នា ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្ដេជ្ញាពង្រឹង «ការទូតសភា» និងជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រ»ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ គួរជម្រាបថា កាលពីជម្លោះព្រំដែនទាំងពីរលើក គឺក្នុងខែកក្កដា និងធ្មូ ឆ្នាំ២០២៥ យោធាថៃ បានប្រើយន្តហោះចម្បាំងប្រភេទ T-50TH ផលិតនៅកូរ៉េខាងត្បូង ចូលមកទម្លាក់គ្រាប់ក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ។ ការទម្លាក់គ្រាប់ពីយន្តហោះចម្បាំងនេះ បានធ្វើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន៖ ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយប្រេង សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្តអារាម ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូជាដើម៕  

លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា។ រូបភាព៖ រដ្ឋសភា 
លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និង លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា។ រូបភាព៖ រដ្ឋសភា 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត