
ទីក្រុងហ្សឺណែវ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បន្តរាយការណ៍ដោយផ្ទាល់ទៅកាន់តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងតំណាងប្រទេសជាច្រើន អំពីទុក្ខលំបាករបស់ពលរដ្ឋស្លូតត្រង់កម្ពុជា រស់នៅតាមបណ្តោយព្រំដែន រងគ្រោះ ព្រោះក្រុមយោធាថៃឈ្លានពាន រំលោភសិទ្ធិ និងរារាំងការវិលត្រឡប់ចូលលំនៅឋានប្រមាណ៨ម៉ឺននាក់។ ការថ្លែងរបស់មេសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងឱកាសទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសស្វីស ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រកាសលទ្ធផលជំនួបនៅថ្ងៃទី៩មីនានេះ ដោយបញ្ជាក់ថា ក្នុងបេសកកម្ម លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ តំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងតំណាប្រទេសនានា ចំនួន២៩ជំនួប។ ក្នុងនោះ ជំនួបជាមួយភាគីសំខាន់ៗរួមមាន៖ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងហ្សឺណែវ និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC)។ រីឯបណ្តាប្រទេស សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញ កម្ពុជាបានជួបជាមួយបារាំង សាធារណរដ្ឋនៃប្រជុំកោះម៉ាសាល់ សាធារណរដ្ឋដូមីនឹក កូរ៉េខាងត្បូង កូឡុំប៊ី អេស្តូនី ប្រេស៊ីល ជប៉ុន គុយបា កូវ៉ែត អ៊ីរ៉ាក់ និងអ៊ីតាលី។

ដោយឡែក ជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស (Special Rapporteurs) តាមវិស័យនានាវិញ មានដូចជា៖ សិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិវប្បធម៌ និងសិទ្ធិមនុស្សរបស់ជនភៀសសឹកជាដើម។ តាមរយៈជំនួបជាមួយឥស្សរជនសំខាន់ៗទាំងនេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាបពីសកម្មភាពនានារបស់ភាគីថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងនោះរួមមាន៖ ការបិទព្រំដែនដោយឯកតោភាគី, ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តប្រវេសន៍កម្ពុជា, ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទ លើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ, ការប្រើប្រាស់សំឡេងមានដេស៊ីបែលខ្ពស់ សំឡេងខ្មោច សំឡេងយន្តហោះ ដើម្បីរំខានដល់ផ្លូវចិត្តពលរដ្ឋខ្មែរតាមព្រំដែន, ការវាយប្រហារដោយមិនរើសគោលដៅដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំង។

លោកទេសរដ្ឋមន្ត្រី ឱ្យដឹងបន្តថា សកម្មភាពទាំងនោះបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន សាធារណៈ រួមទាំងប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក, ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (Fait Accompli)ដូចជា៖ ដាក់ពង្រាយលួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ ដាក់ឈ្មោះផ្លូវថ្មីក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ ព្រមទាំងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលធ្វើឱ្យជនភៀសសឹកប្រមាណ៨ម៉ឺននាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបានដោយសុវត្ថិភាព។ ចំពោះមុខការលើឡើងរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ភាគីពាក់ព័ន្ធក្នុងជំនួបទាំងនោះ បានសម្ដែងការភ្ញាក់ផ្អើល ហើយសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាលរៀងៗខ្លួន អំពីព័ត៌មានដ៏សំខាន់នេះ។ ក្នុងន័យនេះ ភាគីទាំងអស់ ក៏បានផ្តល់យោបល់ និងបទពិសោធល្អៗផ្សេងៗគ្នាជាច្រើនមកឱ្យកម្ពុជា។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការផ្ដល់យោបល់ទាំងនោះ ជាគន្លឹះក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងដើម្បីធានាដល់ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងបន្តការពិភាក្សាតាមយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់៕







