អឺរ៉ុបក្លាយជាអ្នកនាំចូលអា.វុ.ធធំបំផុតលើលោក ខណៈមជ្ឈិមបូព៌ាសម្រុកបញ្ជាទិញបន្ថែមព្រោះស.ង្គ្រា.ម
ហៀប ស៊ីថេត
8 ម៉ោងមុន

អឺរ៉ុប៖ យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) បានចេញផ្សាយនៅថ្ងៃចន្ទទី៩ ខែមីនានេះ បង្ហាញថា អឺរ៉ុបបានក្លាយជាតំបន់នាំចូលអាវុធធំបំផុតលើពិភពលោកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលប្លុកនេះ ឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់រុស្ស៊ី និងការថយចុះទំនុកចិត្តលើការធានាសន្តិសុខពីសហរដ្ឋអាម៉េរិក។

បណ្តាប្រទេសនៅអឺរ៉ុប បានបង្កើនការនាំចូលអាវុធច្រើនជាង៣ដងក្នុងចន្លោះឆ្នាំ២០២១ ដល់២០២៥ បើធៀបនឹងឆ្នាំ២០១៦ ដល់២០២០ ដើម្បីផ្គត់ផ្គង់អ៊ុយក្រែន និងដើម្បីកសាងកងទ័ពផ្ទាល់ខ្លួនឡើងវិញ។ អឺរ៉ុប មានចំណែកដល់ទៅ៣៣ភាគរយនៃការនាំចូលអាវុធសកល។ ទោះបីជាបង្កើនការផលិតក្នុងស្រុក (ឬGDP)ក៏ដោយ ក៏អឺរ៉ុបនៅតែបន្តទិញអាវុធពីអាម៉េរិក ជាពិសេសយន្តហោះចម្បាំង និងប្រព័ន្ធការពារអាកាសរយៈចម្ងាយឆ្ងាយ។

ការនាំចូលអាវុធនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះ១៣ភាគរយ ប៉ុន្តែអារ៉ាប៊ីសាអូឌីត និងកាតា នៅតែស្ថិតក្នុងចំណោមអ្នកទិញអាវុធកំពូលទាំង៤លើលោក។ យោងតាមអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI សង្គ្រាមរួមគ្នារវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នាពេលបច្ចុប្បន្ន នឹងជំរុញឱ្យមានការបញ្ជាទិញអាវុធបន្ថែមទៀត ជាពិសេស ប្រព័ន្ធការពារអាកាស និងមីស៊ីល។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក កើនឡើងដល់៤២ភាគរយនៃចំណែកទីផ្សារនាំចេញអាវុធសកល ដោយឈរនៅលេខ១ ដាច់គេ។ ចំណែកបារាំងឈរលេខ២ មានចំណែក ៩,៨ភាគរយ។ ទន្ទឹមនឹងរុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹម៦,៨ភាគរយ ដោយបន្ទាប់ពីសង្គ្រាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលមានរហូតដល់២១ភាគរយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត