បទបរិយាយ៖ តើភ្លើងសង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល អាចឆេះរាលដាលដល់ទ្វីបអឺរ៉ុបដែរទេ?
N
Nary Vann
មួយថ្ងៃមុន

មជ្ឈិមបូព៌ា៖ ពិភពលោកកំពុងស្ថិតក្នុងភាពចលាចល ជ្រួលច្របល់ និងមិនប្រាកដប្រជា ជាក់ស្តែង ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន ជាពិសេស ក្រោយការឡើងកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ ភូមិសាស្ត្រនយោបាយសកល ក៏ចាប់ផ្តើមវឹកវរផងដែរ។ ពេលនេះ កម្តៅនយោបាយនៅតំបន់មជ្ឈិមបូព៌ា បានហក់ឡើងដល់ចំណុចកំពូល ក្រោយរដ្ឋធានីតេហេរ៉ង់សម្រេចប្រើដ្រូនអត្តឃាត វាយប្រហារចំគោលដៅយុទ្ធសាស្ត្ររបស់អឺរ៉ុប ដែលជាការបោះជំហានចូលក្នុងតំបន់គ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ សំណួរដ៏ក្ដៅគគុកមួយដែលពិភពលោកកំពុងចោទសួរគឺ៖ តើផ្កាភ្លើងសង្គ្រាមចម្រុះពណ៌មួយនេះ អាចនឹងឆេះរាលដាលដល់ដែនដីអឺរ៉ុប និងសហរដ្ឋអាម៉េរិកដែរឬទេ?  

ជាការពិត សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសមួយចំនួនធំនៅក្នុងតំបន់អឺរ៉ុប មិនទាន់ត្រូវបានអ៊ីរ៉ង់វាយប្រហារនៅឡើយទេ ខណៈដែលសហភាពអឺរ៉ុបក៏គ្មានបំណងលូកដៃចូលក្នុងសង្គ្រាមត្រីភាគីនេះដែរ ដ្បិតអឺរ៉ុបកំពុងជាប់ដៃជួយអ៊ុយក្រែន និងដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងស្រុក។ ប៉ុន្តែអ្នកវិភាគយល់ឃើញថា អឺរ៉ុប ប្រហែលជា[គ្មានជម្រើស]ឡើយ ព្រោះមានកត្តាជាច្រើនដែលបង្ខំឱ្យអឺរ៉ុបចូលទៅពាក់ព័ន្ធក្នុងសង្គ្រាមកូនកាត់មួយនេះ រួមមាន៖ ការការពារផ្លូវពាណិជ្ជកម្មសមុទ្ទ និងមូលដ្ឋានយុទ្ធសាស្ត្រនៅកោះស៊ីប ដែលរងការគំរាមកំហែងដោយផ្ទាល់ពីមីស៊ីលអ៊ីរ៉ង់។ នៅពេលសន្តិសុខថាមពលរង្គោះរង្គើ និងតម្លៃប្រេងហក់ឡើងកប់ពពក អឺរ៉ុបក៏នឹងត្រូវបង្ខំចិត្តបង្កើនវត្តមានយោធា ដើម្បីការពារផលប្រយោជន៍ជាតិ និងសហភាព ទោះបីជាចង់រក្សាអព្យាក្រិតភាពយ៉ាងណាក៏ដោយ។ នេះជាទឡ្ហីករណ៍ជាក់ស្តែង ដែលបាននិងកំពុងកើតឡើងលើប្រទេសមួយចំនួនរួចទៅហើយ និងអាចឆេះរាលបន្តទៅប្រទេសផ្សេងទៀត។

លើសពីនេះ ស្ថានភាពកាន់តែដុនដាប បន្ទាប់ពីកោះស៊ីបដែលជារដ្ឋសមាជិក EU ក្លាយជាផ្ទាំងស៊ីបនៃដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ជាបន្តបន្ទាប់។ ចំណុចយុទ្ធសាស្ត្រដ៏រសើបបំផុត គឺមាត្រា៤២,៧នៃសន្ធិសញ្ញាសហភាពអឺរ៉ុប ដែលមានអានុភាពប្រហាក់ប្រហែលនឹងមាត្រា៥របស់អង្គការណាតូដែរ។ ប្រសិនបើកោះស៊ីប សម្រេចចិត្តដកគន្លឹះប្រើប្រាស់មាត្រានេះ នោះរដ្ឋសមាជិក EU ទាំង២៧ប្រទេស នឹងត្រូវបង្ខំចិត្តលោតចូលក្នុងភ្នក់ភ្លើងសង្គ្រាមកូនកាត់អាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដើម្បីការពារគ្នាទៅវិញទៅមក ដែលជាការបើកផ្លូវឱ្យអឺរ៉ុបក្លាយជាភាគីជម្លោះពេញទំហឹងតែម្ដង។ សំណួរបន្ទាប់សួរថា ចុះបើភ្លើងសង្គ្រាមនៅតំបន់អឺរ៉ុបឆេះឡើងសន្ធោសន្ធៅទូទាំងសហភាពមែន អាចទេដែលចិន រុស្ស៊ី និងកូរ៉េខាងជើង លូកដៃចូលជួយអ៊ីរ៉ង់ជាចំហ? ហើយថាតើ សង្គ្រាមនុយក្លេអ៊ែរ ផ្ទុះឡើងព្រមគ្នាឬយ៉ាងណា?

អ្នកសិក្សាភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថា សង្គ្រាមនុយក្លេរអ៊ែរ អាចផ្ទុះគ្រប់ ប្រសិនបើសង្គ្រាមកូនកាត់អាម៉េរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មិនអាចបិទបញ្ចប់ត្រឹមក្នុងរង្វង់មជ្ឈិមបូព៌ាបានទេនោះ វិនាសកម្មនៃមហន្តរាយពិភពលោក អាចជារឿងចៀសមិនផុត។ ជាក់ស្តែង អ៊ីរ៉ង់បានព្រមានចំៗពីការវាយប្រហារលើទីក្រុងនានាក្នុងសហភាពអឺរ៉ុប ចំពោះប្រទេសណាដែលចូលដៃចូលជើងជាមួយអាម៉េរិក។ ទោះបីការបាញ់បោះទ្រង់ទ្រាយធំលើដីអឺរ៉ុប មិនទាន់កើតមាន ប៉ុន្តែសង្គ្រាមកូនកាត់តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត សកម្មភាពភេរវកម្ម និងរលកជនភៀសខ្លួនរាប់លាននាក់ គឺជាហានិភ័យខ្ពស់បំផុត ដែលនឹងបង្កជាវិបត្តិសង្គម និងនយោបាយផ្ទៃក្នុងអឺរ៉ុបឱ្យចលាចល។ សរុបមក ជោគវាសនារបស់អឺរ៉ុបនៅពេលនេះ គឺស្ថិតនៅលើការសម្រេចចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោន និងតេហេរ៉ង់ ថាតើពួកគេជ្រើសរើសផ្លូវចរចាពន្លត់ភ្លើងសង្គ្រាម ឬក៏បន្ថែមសាំងឱ្យឆេះរាលដល់ខ្សែបញ្ឆេះអាវុធនុយក្លេអ៊ែរ?..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត