
អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប (EU) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ទ (GCC) បានរួមគ្នាថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារដោយមិនរើសមុខរបស់អ៊ីរ៉ង់ទៅលើបណ្ដាប្រទេសក្នុងតំបន់ និងបានព្រមានថា សន្តិសុខសកលលោកទាំងមូលកំពុងស្ថិតក្នុងគ្រោះថ្នាក់បំផុត...។

ការពិភាក្សានេះ កើតឡើងចំពេលអ៊ីរ៉ង់បង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនយ៉ាងសន្ធាប់ ទៅលើប្រទេសសមាជិក GCC រួមមាន៖ បារ៉ែន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម គុយវ៉ែត និងអូម៉ង់ ដើម្បីសងសឹកនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា៖«រដ្ឋមន្ត្រីនានាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារមិនសមហេតុផលរបស់អ៊ីរ៉ង់ ប្រឆាំងនឹងប្រទេស GCC ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ខ្លួនជាបន្ទាន់»។ សេចក្តីថ្លែងការណ៍បន្ថែមថា បណ្តាប្រទេសឈូងសមុទ្ទមានសិទ្ធិពេញលេញ ក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារខ្លួន ខណៈទំនាក់ទំនងជាមួយរដ្ឋធានីតេហេរ៉ង់ កំពុងធ្លាក់ចុះដល់ចំណុចសូន្យ និងឈានទៅរកការប្រឈមមុខដាក់គ្នាពេញទំហឹង។

ទោះបីស្ថានភាពកាន់តែក្ដៅគគុក សហភាពអឺរ៉ុប និងដៃគូក្នុងតំបន់នៅតែបន្តជំរុញឱ្យមានដំណោះស្រាយតាមផ្លូវការទូត ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរ និងការរីករាលដាលនៃអាវុធមីស៊ីលរបស់អ៊ីរ៉ង់ ដែលកំពុងបង្កហានិភ័យដល់សន្តិភាពពិភពលោក។ ទន្ទឹមនោះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីកង្វះខាតឧបករណ៍ការពារអាកាស។ លោកស្រីព្រមានថា សមត្ថភាពផលិតប្រព័ន្ធស្ទាក់ចាប់ដ្រូន និងមីស៊ីលរបស់អឺរ៉ុប កំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់ឱ្យទាន់តម្រូវការ ដែលបច្ចុប្បន្ន ត្រូវបែងចែកទាំងទៅឱ្យអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា៕



