អ៊ីរ៉ង់ព្រមានកម្ទេចរាល់ប្រទេសអឺរ៉ុបណា ដែលហ៊ានលូកដៃជួយអាម៉េរិក-អ៊ីស្រាអែល
ហៀប ស៊ីថេត
4 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចក្ដៅគគុក បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ម៉ាជីត តាក់ត៍ រ៉ាវ៉ាន់ឈី (Majid Takht-Ravanchi) បានប្រកាសព្រមានចំៗតាមរយៈទូរទស្សន៍ France 24 (ហ្វ្រង់ វ៉ង់កាត់) ថា រាល់ប្រទេសសមាជិកសហភាពអឺរ៉ុបណា ដែលហ៊ានលូកដៃចូលរួមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ក្នុងការវាយប្រហារលើអ៊ីរ៉ង់ នឹងត្រូវចាត់ទុកជា«គោលដៅស្របច្បាប់» សម្រាប់ការសងសឹកវិញ។

លោក ម៉ាជីត តាក់ត៍ រ៉ាវ៉ាន់ឈី
លោក ម៉ាជីត តាក់ត៍ រ៉ាវ៉ាន់ឈី

អ៊ីរ៉ង់បញ្ជាក់ច្បាស់ថា ការចូលរួមជាមួយអាម៉េរិក និងអ៊ីស្រាអែល ស្មើនឹងការបើកផ្លូវឱ្យអ៊ីរ៉ង់វាយបកវិញទៅលើប្រទេសទាំងនោះដោយគ្មានការលើកលែង។ បើទោះបីជាបារាំង ក្រិក និងអ៊ីតាលី ដែលជាសមាជិកអឺរ៉ុបបានបញ្ជូននាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់អឺរ៉ុបភាគច្រើននៅតែទទូចឱ្យមានការដោះស្រាយតាមផ្លូវការទូត ដើម្បីបញ្ចប់ជម្លោះ។  ជាក់ស្តែង អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស (Friedrich Merz) បានលើកឡើងថា រដ្ឋធានីបែរឡាំងកំពុងស្វែងរកដំណោះស្រាយបញ្ចប់ការប្រយុទ្ធគ្នា។ ប៉ុន្តែ លោក អះអាងថា អាល្លឺម៉ង់មានគោលដៅដូចគ្នាជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ក្នុងការប្រឈមមុខនឹងរបបតេហេរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត