ស្ថានីយប្រេងឥន្ធនៈ៨០ភាគរយនៅខេត្តបន្ទាយមានជ័យត្រូវបានបិទ ខណៈ២០ភាគរយបើកលក់តែបង្កប់ល្បិចថ្ពិនភ្នែកមន្ត្រីជំនាញ
S
Sreyleak Yith
2 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នចំនួន២៩០កន្លែង ក្នុងនោះមាន ប្រមាណ៨០ភាគរយត្រូវបានបិទទ្វារ និង២០ភាគរយនៅបន្តបើកលក់។ នេះបើតាមការបញ្ជាក់ពីលោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្ម ថ្លែងប្រាប់ភ្នាក់ងារ SBM News នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ..។

ប្រធានមន្ទីរពាណិជ្ជកម្ម បានឱ្យដឹងថា បើតាមការប៉ាន់ប្រមាណទូទាំងខេត្តបន្ទាយមានជ័យ នៅមានសាំងប្រហែល១៣៣ ៣០០លីត្រ, ប្រេងម៉ាស៊ូត ប្រហែល ១៤៤ ៣០០ លីត្រ, និងហ្គាស (LPG) ប្រហែល៣៧៣៥តោន។ ចំណែក លោក មាស បូរ៉ា ប្រធានសាខា (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា តាមការណែនាំពីក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញបានចុះណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន  ដោយចុះត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីជំរុញម្ចាស់ស្ថានីយអនុវត្តតាមលក្ខណៈស្ដង់ដារបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃ។

ទោះជាយ៉ាងណាក៏ដោយ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ បានលួចបង្ហើបប្រាប់ភ្នាក់ងារយើងថា ស្ថានីយប្រេងឥន្ធនៈខ្លះ នាមតែបើកលក់ជូនអតិថិជនទេ ប៉ុន្តែនៅពេលដែលអតិថិជនជិះរថយន្តទៅចាក់ម៉ាស៊ូត បែរជាម្ចាស់ស្ថានីយឆ្លើយថា អស់ហើយនៅសល់តែសាំងទេ លុះដល់ពេលអតិថិជនជិះរថយន្តចូលទៅចាក់សាំង ម្ចាស់ស្ថានីយនោះឆ្លើយថា នៅសល់តែប្រេងម៉ាស៊ូតទៅវិញ។ ទន្ទឹមនោះ ក៏មានការកំណត់ផងដែរ ដោយរថយន្តតូចម្ចាស់ស្ថានីយអាចលក់ឱ្យតែក្នុងរង្វង់ពី១០ទៅ១៥លីត្រប៉ុណ្ណោះ ឯរថយន្តធំវិញ អាចចាក់បានត្រឹមពី១៥ ទៅ២០លីត្រ ដោយលក់ក្នុង១លីត្រ តម្លៃពី៥០០០ ទៅ៦០០០រៀលក្នុងមួយលីត្រ ខុសពីតម្លៃដែលបានដាក់នៅលើស្លាកថែមទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត