
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏គួរឱ្យរន្ធត់មួយ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកគ្មានចំណាប់អារម្មណ៍ក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់ឡើយ។ លោកបង្ហើបពីលទ្ធភាពដែលសង្គ្រាមនេះនឹងបញ្ចប់ទៅបាន លុះត្រាតែអ៊ីរ៉ង់លែងមានកម្លាំងយោធាសម្រាប់ប្រយុទ្ធ ឬលែងមានថ្នាក់ដឹកនាំណាម្នាក់នៅសេសសល់ដើម្បីកាន់អំណាច...។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ បានលើកឡើងថា យុទ្ធនាការវាយប្រហារតាមអាកាសអាចនឹងធ្វើឱ្យការចរចាក្លាយជារឿងឥតន័យ ប្រសិនបើថ្នាក់ដឹកនាំអ៊ីរ៉ង់ទាំងអស់ត្រូវបានកម្ទេច។ លោកថ្លែងក្នុងន័យឌឺដងថា៖«ដល់ចំណុចមួយ ខ្ញុំជឿថា...ប្រហែលជាគ្មាននរណាម្នាក់នៅរស់ ដើម្បីហើបមាត់និយាយពាក្យថា សុំចុះចាញ់នោះទេ»។ ទោះជាយ៉ាងណា ខាងភាគីអ៊ីរ៉ង់មិនបានបង្ហាញសញ្ញាទន់ជ្រាយឡើយ ដោយកងទ័ពបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសតបតវិញថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តសង្គ្រាមដ៏ជូរចត់នេះ ក្នុងរយៈពេលយ៉ាងហោចណាស់៦ខែទៀត ក្នុងកម្រិតប្រតិបត្តិការបច្ចុប្បន្ន។

ស្របពេលជាមួយគ្នានេះ យន្តហោះចម្បាំងអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើឃ្លាំងផ្ទុកប្រេង នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដែលជាការចាប់ផ្ដើមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ អ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារលើសណ្ឋាគារមាត់សមុទ្ទមួយកន្លែងនៅកណ្ដាលទីក្រុងបេរូត ដើម្បីតាមសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់ ដែលកំពុងលាក់ខ្លួននៅទីនោះ៕



